ដោយៈ ហ្វីអូណា
កំពង់ស្ពឺៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ និងមន្រ្តីជាន់ខ្ពស់កាកបាទក្រហមកម្ពុជា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានប្រជុំពិភាក្សាស្តីពី ការរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ។
ជំនួបពិភាក្សានេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ក្នុងកម្មវិធីដាំដើមឈើខាងនេះមាន ការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាងICRC ប្រចាំប៉ាស៊ីហ្វិក ក៏នឹងចូលរួមដាំដើមឈើជាមួយសម្ដេចប្រធានផងដែរ ។លោកសាយ សំអាល់ បានណែនាំដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណា ឱ្យដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅដោយរលូន ព្រោះមានគណប្រតិភូជាន់ខ្ពស់ ពីបណ្តាប្រទេសនានា មកចូលរួមដាំផងដែរ ។
អង្គប្រជុំបានសម្រេចនៅចំណុចសំខាន់ៗ ដើម្បីកំណត់ជាផែនការរួម ក្នុងការដាំកូនឈើនេះ ដូចជា ទី១ ការកំណត់ទីតាំងឱ្យបានច្បាស់លាស់ដល់គណប្រតិភូ ទី២ ការសម្អាតទីតាំងពិធីឱ្យបានស្អាតល្អទៅតាមប្លង់ ដែលបានគ្រោងទុក និងការជ្រើសរើសពូជនិងប្រភេទដើមឈើសម្រាប់ដាំ ទី៣ ត្រួតពិនិត្យពីការប្រើប្រាស់ដី នៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈគិរីរម្យ ព្រោះទីតាំងនេះ ជាកន្លែងប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ព្រោះថាទីកន្លែងប្រតិបត្តិ និងគោរពនូវសាសនា ហើយធ្វើយ៉ាងណាអភិវឌ្ឍ ឱ្យទៅជាកន្លែងឯកភាពសាសនាមួយ ។
ទី៤ កិច្ចការការពារសុខសុវត្ថិភាពដល់ថ្នាក់ដឹកនាំ គណប្រតិភូ និងអ្នកចូលរួម ការសម្អាតបរិវេណ និងអនាម័យឱ្យបានល្អ ដើម្បីត្រៀមទទួលគណប្រតិភូចូលរួម កំណត់ទីតាំងឱ្យបានច្បាស់លាស់ដែលបានដាំ ទៅតាមប្រភេទនៃដើមឈើ អាជ្ញាធរខេត្តកំពង់ស្ពឺត្រូវរៀបចំមូលដ្ឋានខ្លួនឱ្យបានប្រសើរ ពិសេសទីតាំងដែលគណប្រតិភូបានឆ្លងកាត់ ។
លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា ការជ្រើសរើសទីតាំងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ក្នុងការដាំដើមឈើនាពេលនេះ គឺជាឱកាសមួយ ក្នុងការបង្ហាញដល់គណប្រតិភូបណ្តាប្រទេសនានា ដែលបានអញ្ជើញមកឱ្យឃើញ នូវវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងភាពរីកចម្រើនផ្នែក ព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ។
លោកជំទាវបន្ថែមថា “ការដាំកូនឈើនេះ ជាការគូសបញ្ជាក់ឱ្យឃើញពីភាពសុខដុមរមនីកម្មខាងផ្នែកសាសនា និងជាផ្នែកមួយនៃការកសាងបន្ថែមទៀត ឱ្យតំបន់បន្សល់ទុកជាកេរ្តិ៍មរត សម្រាប់មនុស្សជាតិក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត”។ លោកជំទាវបន្តថា មិនត្រឹមតែស្វែងយល់ផ្នែកវប្បធម៌ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ គឺបានទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្ត នៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យផងដែរ ។
ពិធីដាំដើមឈើនៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ តាមការគ្រោងទុកនឹងធ្វើនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាង ICRC ប្រចាំប៉ាស៊ីហ្វិក និងមានប្រតិភូដែលជាយុវជននៃសមាគមជាតិ នៃបណ្តាប្រទេសចំនួន១១ទៀត ចូលរួមដាំជាមួយផងដែរ៕