ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនអ៊ីនស៊ីជូតា ( ខេមបូឌា )បានសម្រេចបោះទុនវិនិយោគគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកំសាន្ត និងចំណតយានយន្តក្រោមដី នៅរាជធានីភ្នំពេញ។
គំរោងវិនិយោគនេះ មានទីតាំង ស្ថិតនៅលើដីឡូត៍ផ្លូវលេខ១០៦,១០៨ និងនផ្លូវលេខ១៣,១៩ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ចំណតរថយន្ត ផ្សារទំនើប រមណីយដ្ឋាន និងសេវាកម្មផ្សេងៗនៅក្រោមដីនេះនាព្រឹកថ្ងៃទី៣ កក្កដានេះ។បច្ចុប្បន្នរាជធានីភ្នំពេញ គឺជាទីក្រុង ដែលមានប្រជាពលរដ្ឋរស់នៅបែបស៊ីវិល័យ មានទៅដោយរថយន្តទំនើប នៅក្នុងទីក្រុង តែក៏ទាមទារឱ្យមានចំណត និងផ្សារទំនើប ដែលនេះ គឺជាលក្ខណៈទូទៅរបស់ទីក្រុងដែលកំពុងអភិវឌ្ឍន៍ ។ ប៉ុន្តែទីក្រុងនៅតែជួបបញ្ហាប្រឈម ក្នុងនោះរាជធានីភ្នំពេញ មិនខុសពីទីក្រុង នៅលើពិភពលោកនោះឡើយ ដែលជាទីក្រុងកំពុងអភិវឌ្ឍន៍ នឹងជួបបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ ក្នុងនោះមានបញ្ហាការកកស្ទះសំរាម បញ្ហាជំនន់ទឹកភ្លៀង បញ្ហាកកស្ទះចរាចរណ៍ ហើយ អាជ្ញាធរពាក់ព័ន្ធគឺបាន និងកំពុងតែដោះស្រាយបញ្ហាទាំងអស់នេះជាបន្តបន្ទាប់ ដោយត្រូវការ កិច្ចសហការ ពីប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
លោកបន្តថា “កាលពីមុន រាជធានីភ្នំពេញគឺបង្កើតឡើង សម្រាប់ផ្ទុកមនុស្សប្រមាណជា៣០ម៉ឺននាក់ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះគឺមានចំនួនប្រជាពលរដ្ឋចេញ- ចូលប្រមាណជាង៣លាននាក់ក្នុងមួយថ្ងៃ ដោយមានរថយន្តប្រមាណជាង៨០ម៉ឺនគ្រឿង ម៉ូតូជាង២លានគ្រឿងដែលនេះជាបញ្ហាចោទ ធ្វើឱ្យមានការកកស្ទះចរាចរណ៍”៕