ដោយៈ តែម សុខុម
ហុងកុង: ដោយមានតម្លៃចាប់ពី៥៣.០០០ដុល្លារអាមេរិក សម្រាប់ទំហំ ដែលធំជាងប្រអប់ស្បែកជើងតែបន្តិច វាជាកន្លែងស្នាក់នៅថ្លៃកប់ពពក នៅក្នុងទីក្រុងហុងកុង ដែលជាទីផ្សារអចលនទ្រព្យថ្លៃបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណា អគារ Shan Sum Tower កម្ពស់១២ជាន់នៅក្រុងហុងកុង ខាងលើនេះមិនមែនលក់ សម្រាប់ឱ្យមនុស្សរស់នៅនោះឡើយ ពោលគឺគេលក់សម្រាប់តែអ្នកដែលស្លាប់តែប៉ុណ្ណោះ។
អគារសម្រាប់តម្កល់ធាតុអ្នកស្លាប់ រហូតដល់ទៅ២៣.០០០នាក់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករ ជនជាតិអាល្លឺម៉ង់ ឈ្មោះ Ulrich Kirchhoff។
-->
បន្ថែមពីលើការទិញកន្លែងតម្កល់កោដិមួយ អគារនេះក៏ផ្ដល់ជម្រើសទំហំ ដែលអាចតម្កល់កោដិ២ ក្នុងតម្លៃដល់ទៅ៧៦.០០០ដុល្លារអាមេរិកផងដែរ ហើយកន្លែងដែលអាចតម្កល់កោដិ រហូតដល់ទៅ៨ គឺមានតម្លៃរហូតដល់ទៅ៤៣០.០០០ដុល្លារ។ទោះជាយ៉ាងណា អគារ Shan Sum Tower ដែលស្ថិតនៅក្នុងសង្កាត់ឧស្សាហកម្មចាស់ Kwai Chung មិនមែនជាកន្លែងថ្លៃបំផុតនៅហុងកុង សម្រាប់ដាក់តម្កល់ធាតុអ្នកស្លាប់នោះទេ។
យោងតាមក្រុមប្រឹក្សាឃ្លាំមើលស្ថានការណ៍ អ្នកប្រើប្រាស់ (Consumer Council) នៃក្រុងហុងកុងបានបង្ហាញថា កន្លែងដាក់តម្កល់ធាតុ ដែលថ្លៃបំផុត គឺអគារស្ថិតនៅFanling។ កន្លែងនេះសម្រាប់ដាក់កោដិមួយ មានតម្លៃ៦៦០.០០០ដុល្លារ ហើយតម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃគ្រប់គ្រង ដែលមានតម្លៃយ៉ាងហោចណាស់២៥.០០០ដុល្លារ សម្រាប់ការថែរទាំងផងទេ៕