ដោយៈ តែម សុខុម
វៀងចន្ទន៍: រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergey Lavrov បានស្នើឱ្យប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ខណៈជំរុញឱ្យស្ដារឡើងវិញនូវពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងអាស៊ាន ក្នុងវេទិកាមួយនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។
លោក Sergey Lavrov បានស្នើឱ្យប្រើប្រាស់រូបិយប័ណ្ណជាតិជំនួសឱ្យប្រាក់ដុល្លារអាមេរិក ដើម្បីជៀសផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា។រុស្ស៊ីបានគូសបញ្ជាក់ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងបណ្ដាប្រទេសជាសមាជិកអាស៊ាន បានធ្លាក់ចុះ៤,៤% ដោយសារតែទណ្ឌកម្មទាំងនោះ។នៅក្នុងបទសម្ភាសន៍ជាមួយកាសែតឥណ្ឌូនេស៊ី Kompas លោក Sergey Lavrov បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ របស់រុស្ស៊ី ក្នុងការធ្វើការជាមួយអាស៊ាន លើការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
លោកបានសង្កត់ធ្ងន់ថា “ប្រទេសរុស្ស៊ី រួមជាមួយនឹងប្រទេសផ្សេងៗទៀត កំពុងកាត់បន្ថយបន្តិចម្តងៗ នូវការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងការផ្លាស់ប្តូរទៅប្រើប្រព័ន្ធទូទាត់ជំនួស”។បណ្តាប្រទេសជាសមាជិកអាស៊ាន បាននិងកំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់។
អំឡុងពេលកិច្ចប្រជុំអាស៊ាន-រុស្ស៊ី ការពិភាក្សាបានគ្របដណ្តប់លើបញ្ហាថាមពល និងសន្តិសុខស្បៀង ដោយផ្តោតលើប្រភពថាមពល ដែលមិនបញ្ចេញកាបូន និងឥន្ធនៈហ្វូស៊ីល។ ឥណ្ឌូណេស៊ី បានស្វះស្វែងរកការគាំទ្រពីរុស្ស៊ី សម្រាប់គំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើនសន្តិសុខស្បៀងក្នុងតំបន់ ដែលនេះឆ្លុះបញ្ចាំងពីឋានៈរបស់រុស្ស៊ី ក្នុងនាមជាអ្នកផលិតគ្រាប់ធញ្ញជាតិ និងជីកសិកម្មដ៏មានសារៈសំខាន់ទូទាំងពិភពលោក។
លោក Sergey Lavrov ក៏បានបង្ហាញការព្រួយបារម្ភអំពីផែនការរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ក្នុងការបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។លោកបានសង្កត់ធ្ងន់ថា ខណៈហានិភ័យជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងហានិភ័យទាក់ទងនឹងការពង្រីកខ្លួនរបស់អង្គការ NATO ចូលមកក្នុងអាស៊ី កិច្ចសន្ទនារុស្ស៊ី-អាស៊ាន កាន់តែមានសារៈសំខាន់ សម្រាប់ការធានាស្ថិរភាពក្នុងតំបន់៕ Laotian Times៕