លំហូរភ្ញៀវទេសចរណ៍ចាប់ផ្តើមមានផលប៉ះពាល់ពីបញ្ហានយោបាយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ  : ប្រតិបត្តិករទេសចរណ៍នានាបានលើកឡើងថា ភាពតានតឹងនយោ​បាយកាលពីពេលថ្មីៗនេះ កំពុងប៉ះពាល់ដល់លំហួរភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា។
លោកធួន ស៊ីណានប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះថា ភាពតានតឹងនយោបាយនាពេលថ្មីៗនេះ បាននិងកំពុ​ងរងផលប៉ះពាល់ដល់លំហូរភ្ញៀវ ទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ពិសេ​សភ្ញៀវមកពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលពួកគេបានលុបកញ្ចប់ទស្សនកិច្ចមកកម្ពុជា សម្រាប់ឆ្នាំ២០១៨ខាងមុខយ៉ាងច្រើន។លោកបន្តថា ប៉ុន្តែបើគិតពីដើមឆ្នាំ រហូតមកដល់ដំណាច់ត្រីមាសទី៣ឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍​កើនឡើងជាធម្មតា ប៉ុន្តែមួយរយៈចុងក្រោយនេះលំហូរទេសចរណ៍កំពុងរងផលប៉ះពាល់។
លោកបន្តថា “និយាយដោយស្មោះត្រង់ គឺជាការពិតដែលកញ្ចប់ទស្សនកិច្ចជាច្រើនបានលុបចោល ដោយសារភាពតានតឹងនយោបាយ ហើយបើនិយាយថា​មិនប៉ះពាល់ វាដូចជាការកុហកខ្លួនឯងអញ្ចឹង”។
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់ត្រី​មាសទី៣ឆ្នាំនេះ លំហូរភ្ញៀវទេស​ចរណ៍មកទស្សនាកម្ពុជា បានកើនឡើងជិត៤លាននាក់ កើនឡើង១១,៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាអ្នកក្នុងវិស័យឯកជននានា បានចំអកឲ្យតួលេខនេះថា ជា​តួលេខជប់ មិនមែនជាតួលេខពិតប្រាកដឡើយ។
អតីតប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមួយរូប ដែលបានបដិ​សេធមិនបញ្ចេញឈ្មោះបានថ្លែងថា លំហូរភ្ញៀវទេសចរណ៍កំពុងរងផលប៉ះពាល់ ពិតប្រាកដ ដោយសារមានការលុបកញ្ចប់ទស្សនកិច្ចជាច្រើន ពីប្រទេសជប៉ុន សហគមន៍អឺរ៉ុប និងភ្ញៀវទេសចរណ៍មកពីអាមេរិក។លោកបន្តថា ប្រទេសជិតខាងមួយចំនួនមិនដែលល្អជាមួយយើងនោះទេ ពួកគេតែងតែយករូបភាពមិនល្អពីកម្ពុជា ដើម្បីទៅផ្សព្វផ្សាយបង្កាច់បង្ខូចកេរ្ត៍ឈ្មោះកម្ពុជា ធ្វើឲ្យភ្ញៀវទេសចរណ៍​អន្តរជាតិ មានការភ័យខ្លាចក្នុងការមកទស្សនាកំសាន្តនៅកម្ពុជា។
លោកបន្តថា “ប្រទេសជិតខាងបានយករូបភាពនៃការដាក់ប៉ារ៉ាស់របស់សមត្ថកិច្ច និងភ្ញៀវដែលអូសវាលីកាត់យកទៅផ្សព្វផ្សាយ ក្នុងបំណងធ្វើឲ្យភ្ញៀវ​ទេសចរណ៍ភ័យខ្លាចមកទស្សនាកម្ពុជា”។លោកបន្តថា “ប្រទេសជិតខាងទាំងនោះមិនល្អជាមួយយើងទេ ពួកគេចាប់ដៃតែជាន់ជើងយើង”។
កាលពីឆ្នាំមុនប្រទេសវៀតណាម ទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាង៧លាននាក់ និងប្រទេសថៃទទួលភ្ញៀវអន្តរជាតិជាង៣២លាននាក់៕
លោកលូ ម៉េងសហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជនមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here