ដោយៈ គង់ ម៉ាលីនណា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានជម្រុញឲ្យក្រុមមន្រ្តី អាជ្ញាធរដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស។
លោកបញ្ជាក់ថា “បើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ”។ លោកបន្តថា “ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន”។លោកសុខ លូបានថ្លែងបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា កសិករទាំងអស់នឹងបាត់បង់ចំណូល ដោយសារប្រជាពលរដ្ឋពុំមានដី សម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយ ពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម ។
លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានលើកឡើងថា សម្រាប់ស្រុករតនមណ្ឌលនេះ ផ្អែកទៅតាមការណែនាំ ចង្អុលបង្ហាញពីលោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ គ្រប់គ្រងដីរដ្ឋ បានអនុញ្ញាតឲ្យភូមិស្តៅ នៃឃុំស្តៅ ក្នុងស្រុករតនមណ្ឌល ធ្វើការចុះបញ្ជី មានលក្ខណៈ ជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល មានចំនួន ១៤២៧ ក្បាលដី និងបំពេញ បានសម្រេចតាមលក្ខណៈច្បាប់មានចំនួន១,៣៤៥ក្បាលដី និងបានកំពុងសិក្សា ដើម្បីអនុវត្តនៅភូមិបន្តបន្ទាប់ទៀតនៃឃុំស្តៅ។
ជាមួយគ្នានេះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបាត់ដំបង បានលើកឡើងថា ប្រជាពលរដ្ឋ លោក មេភូមិ ព្រឹទ្ធាចារ្យ និងលោកមេឃុំ បានចូលរួមយ៉ាងសកម្ម ក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះគាត់បានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ៕