ដោយៈ តែម សុខុម
ប៉េកាំងៈ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ធនាគាររដ្ឋធំៗរបស់ប្រទេសចិន កំពុងសម្រុកលក់ចេញប្រាក់ដុល្លារអាមេរិក ដើម្បីទិញចូលប្រាក់យ័ន ទាំងនៅទីផ្សារក្នុងស្រុក និងក្រៅប្រទេសនៅក្នុងការជួញដូរនៅអាស៊ី នាថ្ងៃអង្គារ ទី២៥ ខែកក្កដា នេះដើម្បីគាំទ្ររូបិយប័ណ្ណចិន។
ជាធម្មតាបណ្ដាធនាគាររដ្ឋនៃប្រទេសចិន ធ្វើការជួញដូរជួសមុខឱ្យធនាគារកណ្តាល នៅក្នុងទីផ្សារប្តូរប្រាក់បរទេស របស់ប្រទេសនេះ ប៉ុន្តែធនាគារទាំងនោះ ក៏អាចធ្វើការជួញដូរ ក្នុងនាមស្ថាប័នខ្លួនឯងបានផងដែរ។
ការសម្រុកលក់ចេញប្រាក់ដុល្លារអាមេរិកនេះ បានកើតឡើង បន្ទាប់ពីមេដឹកនាំកំពូលៗនៃប្រទេសចិន បានសន្យាកាលពីថ្ងៃច័ន្ទ ទី២៤ កក្កដា ថា នឹងបង្កើនការគាំទ្រគោលនយោបាយ សម្រាប់សេដ្ឋកិច្ច ស្របពេលសេដ្ឋកិច្ចចិន ងើបឡើងយ៉ាងលំបាកក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើការជំរុញតម្រូវការក្នុងស្រុក និងផ្ដល់សញ្ញាដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ក្រុមអ្នកបង្កើតគោលនយោបាយក៏លើកឡើងដែរថា ប្រទេសចិន នឹងរក្សាអត្រាប្តូរប្រាក់យ័នឱ្យនៅថេរ ជាមូលដ្ឋានក្នុងកម្រិតសមរម្យ និងមានតុល្យភាព ហើយបានប្តេជ្ញាថា នឹងធ្វើឱ្យទីផ្សារមូលធនមានភាពរឹងមាំ និងស្តារទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។
អាជ្ញាធររូបិយវត្ថុរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពាររូបិយប័ណ្ណយ័ន ដែលធ្លាក់ចុះ។ កាលពីសប្តាហ៍មុន ក្រុមនិយ័តករបានបន្ធូរបន្ថយច្បាប់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននានា ខ្ចីប្រាក់នៅបរទេសបន្ថែមទៀត ខណៈធនាគារកណ្ដាលចិនបាន និងកំពុងកំណត់អត្រាការប្រាក់យ៉ាងម៉ឺងម៉ាត់ជាជាងធ្វើការព្យាករទីផ្សារ៕ Reuters៕






