សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប កំពុងងើបឡើងវិញសារជាថ្មី ស្របពេលដែលអត្រាអតិផរណា បន្តថមថយចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយសារពត៌មាន CNN បានបង្ហាញថា សេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូ កំពុងងើបឡើងជាថ្មីម្តងទៀតប៉ុន្តែវាអាច នឹងពិបាកក្នុងការរក្សាសន្ទុះរហូតដល់ដំណាច់ឆ្នាំនេះ។

យោងតាមការប៉ាន់ស្មានផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅទូទាំងប្រទេសចំនួន២០ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ បានងើបឡើង០,៣% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងត្រីមាសទី១។ GDP ទូទាំងប្រទេសចំនួន២០ បានធ្លាក់ចុះ០,១% នៅក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២២កន្លងទៅ និងបានស្ថិតនៅទ្រឹងក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអតិផរណាទាំងមូលបានបន្តធ្លាក់ចុះក្នុងខែកក្កដា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សម្រាប់តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង៥,៣%ក្នុងខែកក្កដា បើធៀបនឹងកំណើន៥,៥% ក្នុងខែមិថុនា។

ទោះបីជាយ៉ាងនេះក្តី អតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពលបានស្ថិតនៅអត្រា៥,៥%ដដែល នៅក្នុងខែកក្កដា។ ហើយអតិផរណាសម្រាប់សេវាកម្ម និង អាហារដែលមិនទាន់កែច្នៃបាន កើនឡើងដល់ ទៅ៥,៦% និង៩,២% រៀងៗគ្នា។ទោះបីជាទិន្នន័យសេដ្ឋកិច្ចបង្ហាញពីភាពល្អប្រសើរយ៉ាងណាក្តី ប៉ុន្តែក៏មានសញ្ញាបង្ហាញផងដែរថា តំបន់ចាយប្រាក់អឺរ៉ូអាចនឹងឆ្ពោះទៅរកភាពជាប់គាំងផ្នែកសេដ្ឋកិច្ចសម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំនេះ។

ធនាគារ Berenberg រំពឹងថា កំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូនឹងស្ថិតនៅទ្រឹង ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ ដែលមួយផ្នែកបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចចិន ការថយចុះនៃផលិតកម្មសកល និងការធ្លាក់ចុះនៃសំណង់លំនៅដ្ឋាន។

បើយោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua វិញបានឱ្យដឹងបន្ថែមទៀតថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់សហភាពអឺរ៉ុប (EU) បានរាយការណ៍ពីលទ្ធផលក្នុងត្រីមាសទីពីរ (Q2) ខុសៗប្លែកពីគ្នា ស្របពេលអត្រាអតិផរណានៅតែមានកម្រិតខ្ពស់នៅទូទាំងប្លុកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here