ដោយៈ តែម សុខុម
ប៉េកាំងៈ ក្រសួងហិរញ្ញវត្ថុចិន កាលពីថ្ងៃពុធ ទី២ សីហា នេះបានបញ្ចេញកញ្ចប់វិធានការបន្ធូរបន្ថយពន្ធ ដើម្បីជួយសម្រួលការលំបាករបស់អាជីវកម្មខ្នាតតូច និងគ្រួសារពលរដ្ឋនៅតាមជនបទ ខណៈសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងស្ទុះងើបឡើងវិញយ៉ាងលំបាកក្រោយវិបត្តិកូវីដ-១៩។
ស្របពេលតម្រូវការធ្លាក់ចុះទាំងនៅក្នុងស្រុក និងនៅបរទេស ការស្ទុះងើបឡើង នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានបាត់បង់សន្ទុះចាប់តាំងពីខែមេសា ដោយបន្ថែមសម្ពាធ លើក្រុមអ្នកបង្កើតគោលនយោបាយ នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ខណៈក្រុមហ៊ុនតូចៗកំពុងជួបការលំបាក ដោយសារការបញ្ជាទិញដាំក្បាលចុះ ជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងការធ្លាក់ចុះប្រាក់ចំណេញ។
ក្រសួងហិរញ្ញវត្ថុចិន និយាយថា ខ្លួននឹងបន្តកាត់បន្ថយអាករលើតម្លៃបន្ថែម (VAT) សម្រាប់អ្នកជាប់ពន្ធតូច សម្រាប់រយៈពេល៤ឆ្នាំបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៧។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

ក្រសួងបានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា ចំណូលការប្រាក់ ដែលបានមកពីការផ្តល់ប្រាក់កម្ចីខ្នាតតូច របស់ស្ថាប័នហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនខ្នាតតូច និងនិងអាជីវកម្មបុគ្គលក៏នឹងត្រូវបានលើកលែងអាករលើតម្លៃបន្ថែម (VAT) រហូតដល់ដំណាច់ឆ្នាំ២០២៧ផងដែរ។




