តើភាពជាប់គាំងនយោបាយបច្ចុប្បន្នកំពុងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃយ៉ាងដូចម្តេច?

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមអ្នកវិភាគបានអះអាងថា ភាពជាប់គាំងនយោបា យរបស់ប្រទេសថៃ កំពុងធ្វើឱ្យអ្នកទិញផ្ទះ ដែលមានសក្តានុពលមានការប្រុងប្រយ័ត្ន និងអាចបង្កជាហានិភ័យ ដល់ទីផ្សារអចលនទ្រព្យផងដែរ។

ការវិភាគនេះបានធ្វើឡើង ស្របពេលដែលផ្ទះល្វែងប្រមាណ៥០.០០០យូនីត អាចនឹងបើកដាក់ឱ្យដំណើរការលក់ នៅឆ្នាំ២០២៣នេះ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។

លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ThinkOfLiving.com and DDproperty បានលើកឡើងថា “បច្ចុប្បន្ន ទីផ្សារមានភាពយឺតយ៉ាវ ប៉ុន្តែវាមានស្ថេរភាពក្នុងលក្ខខណ្ឌនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារពេលនេះអ្នកទិញ នៅក្នុងស្រុកកំពុងរង់ចាំមើលស្ថានការណ៍ ជាជាងធ្វើការសម្រេចចិត្ត”។លោក Wittaya បានមានប្រសាសន៍បន្តឱ្យដឹងទៀតថា “នេះ​គឺបណ្តាលមក​ពី​ស្ថានការណ៍ ​នយោបាយ​ថៃបច្ចុប្បន្ន ខណៈ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី”។

ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ស្ថិតក្នុងភាពប្រែប្រួល ខណៈលោកPita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែលបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតកាលពីខែឧសភា បានបរាជ័យ២ដងរួចមកហើយ ក្នុងការបង្កើតរដ្ឋាភិបាល ដោយសារសមាជិកព្រឹទ្ធសភាភាគច្រើន ជាអ្នកអភិរក្សនិយម និងត្រូវបានតែងតាំងឡើងដោយរបបយោធា។

លើសពីនេះ តុលាការធម្មនុញ្ញថៃ បានសម្រេចបន្តសំណុំរឿងចំនួនពីរប្រឆាំងនឹងលោក Pita ពីបទបំពានច្បាប់បោះឆ្នោត។ លោក Wittaya បានបញ្ជាក់ថា “ភាពជាប់គាំងផ្នែកនយោបាយកំពុងជះឥទ្ធិពលមិនល្អ ដល់ទីផ្សារអចលនទ្រព្យ ខណៈដែលអ្នកពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យរំពឹងថា រដ្ឋាភិបាលថ្មីនឹងអនុវត្តវិធានការដើម្បីជំរុញទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here