ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់បានលើកឡើងថា សុខភាពឥណទាន និងប្រាក់បញ្ញើររបស់ធនាគារហត្ថា នៅតែមានភាពល្អប្រសើរនៅក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។
ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៩ សីហានេះថា ស្ថានភាពឥណទាន និងការដាក់ប្រាក់បញ្ញើររបស់អតិថិជន នៅតែមានស្ថេរភាព ប៉ុន្តែអត្រាចំណេញបានធ្លាក់ចុះបន្តិចបន្តួច ដោយសារការកើនឡើងនូវកម្រិតបំណុល សងត្រលប់មានសភាពយឺតយ៉ាវ។
លោកឧកញ៉ាបានបញ្ជាក់ថា “ជាទូទៅអ្វីៗនៅតែដំណើរការប្រសើរ ហើយសុខភាពរបស់ធនាគារ និងវិស័យហិរញ្ញវត្ថុទាំងមូលមិនមានសញ្ញាហានិភ័យណាមួយទេ”។តើធនាគារបានដាក់ចេញយុទ្ឋសាស្រ្តអ្វី ដើម្បីទប់ទល់នឹងស្ថានភាពនេះ?។
លោកឧកញ៉ាហួត អៀងតុងបានបញ្ជាក់បន្តថា ធនាគារបាននិងកំពុងគិតគូរលើបញ្ហានេះ តាមរយៈការរឹតបន្តឹងឥណទាន ប៉ុន្តែយើងនឹងជួយផ្តល់ឥណទាន ដល់វិស័សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីឲ្យពួកគេដំណើរការបានល្អប្រសើរ ក្នុងន័យជម្រុញកំនើនសេដ្ឋកិច្ច។ លោកបន្តថា ជាមួយគ្នានេះ យើងក៏បាននិងកំពុងជម្រុញឲ្យអតិថិជនសងត្រលប់យឺត ធ្វើការបង់ប្រាក់ឲ្យបានទាន់ពេលវេលា និងវិធានការណ៍ដាក់ចេញជាច្រើនទៀត។
ធនាគារហត្ថាជាធនាគារធំ និងឈានមុខមួយនៅកម្ពុជា បន្ទាប់ពីគ្រឹះស្ថានហត្ថាកសិករបានលក់ស្ថាប័ននេះ ដល់ធនាគារក្រុងស្រ៊ីនៅប្រទេសថៃ៕