ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានបង្ហើបឲ្យដឹងថា អ្នកវិនិយោគកាន់តែមានការប្រុងប្រយ័ត្ន និងឆ្លាតវៃជាងមុន ក្នុងការវិនិយោគពិសេសលើដីធ្លី។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា អ្នកទិញដីធ្លីភាគច្រើននាពេលបច្ចុប្បន្ននេះ ពួកគេមិនសូវទិញសម្រាប់វិនិយោគយកផលចំណេញទេ ពួកគេមិនទិញទុកចោលនោះទេ គឺពួកគេទិញយកមកប្រើប្រាស់ដូចជា ធ្វើឃ្លាំង សាងសង់សំណង់ផ្សេងៗ សាងសង់រោងចក្រ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ។។
-->

លោកស្រីបានបន្តថា “ការវិនិយោគដីធ្លី ក្នុងក្រុង តំរូវការធ្វើអាជីវកម្ម និងជាយក្រុង សំរាប់ធ្វើរោងចក្រ មិនសូវមាននៅក្នុងក្រុងនោះទេ គឺមាននៅជាយក្រុងខ្លះៗ ប៉ុន្តែភាគច្រើនគឺអ្នកទិញរកដីតម្លៃក្រោមទីផ្សារ”។ លោកស្រីបន្តថា “យើងសង្កេតឃើញថា អ្នកវិនិយោគ អចលនទ្រព្យមានការប្រុងប្រយ័ត្នជាងមុន និងឆ្លាតវៃជាងមុន”។
លោកស្រីតាំង ហួរបានបន្តថា ចំណែកអ្នករកទិញដីពុះឡូត៍សម្រាប់លក់ ឬទិញដីសាងសង់អាគារធំៗដូចជាខុនដូ ហាក់មិនមានសកម្មភាពនោះទេ ពោលគឺទីផ្សារនៅមានសភាពស្ងប់ស្ងាត់នៅឡើយ។ លោកស្រីបន្តថា ជាមួយនឹងការលេចលឺ ពីក្រុមហ៊ុនចិនដ៏ធំ គ្រោងវិនិយោគលើវិស័យកសិកម្ម ក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ បានធ្វើឲ្យមនុស្សជាច្រើនសប្បាយចិត្ត និងមានក្តីសង្ឃឹមឡើងវិញ។
ជាមួយគ្នានេះ លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR- Investment Groupបានមានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីមួយកាលពីចុងសប្តាហ៍មុនផងដែរថា ទីផ្សារអចលនទ្រព្យ នៅតែមានសភាពស្ងប់ស្ងាត់ ដែលនិន្នាការនេះអ្នកវិនិយោគ គួរមានការប្រុងប្រយ័ត្ន ដើម្បីឲ្យទិញដីបានដី កុំទិញដីបានជម្លោះ។

លោកបន្តថា “ស្ថានភាពពេលនេះ នៅតែបន្តស្ងប់ស្ងាត់ ហើយអ្នកវិនិយោគ ពិតជាមានការប្រុងប្រយ័ត្នជាងមុន ដោយសារការទិញដីទុកយកផលចំណេញហាក់ហួសសម័យហើយ”។លោកបន្តថា “ការទិញដី ដើម្បីធ្វើអាជីវកម្ម ពិសេសដីសម្រាប់សាងសង់រមណីយដ្ឋានបែបលំហែរ នៅតែមានាការចាប់អារម្មណ៍”។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា និន្នាការវិនិយោគដីលំហែរ មានការប្រែប្រួលច្រើន និងមានសកម្មភាពវិនិយោគបែបនេះច្រើន ប៉ុន្តែមិនពុះកញ្រ្ជោលនៅឡើយទេ៕