តើត្រូវមានឯកសារអ្វីខ្លះ សម្រាប់ចុះបញ្ជីសារពើពន្ធអចលនទ្រព្យ?

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អ្នកជាប់ពន្ធដែលមានអចលនទ្រព្យ មានតម្លៃលើសពី ១០០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ខែកញ្ញានៃឆ្នាំជាប់ពន្ធ។

យោងតាមការសចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធត្រូវបំពេញ ទម្រង់ចុះបញ្ជីអចលនទ្រព្យ ដែលបានផ្តល់ជូនដោយឥតគិតថ្លៃ និងភ្ជាប់មកជាមួយនូវឯកសារ ថតចម្លងដូចខាងក្រោម ដូចជា ទី១ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិត​ឆ្លងដែនសម្រាប់ជនបរទេស។ ទី ២សៀវភៅគ្រួសារ ឬសៀភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ។

ទី៣ បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចា់ស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាល​សុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។

នៅពេលបានចុះបញ្ជី អ្នកជាប់ពន្ធត្រូវបានទទួលលិខិតបញ្ជាក់ ពីការចុះបញ្ជីពន្ធលើចលនទ្រព្យ ដែលមានការចុះលេខអត្តសញ្ញាណកម្មពន្ធ លើអចលនទ្រព្យសម្រាប់សម្គាល់ អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ។

អ្នកជាប់ពន្ធត្រូវប្រើប្រាស់លេខអត្តសញ្ញាណកម្មនេះ លើឯកសារទាក់ទិន ទៅនឹងពន្ធលើអចលនទ្រព្យ។ អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់។

ក្នុងករណីអចលនទ្រព្យត្រូវបំបែកដើម្បីលក់ ឬផ្ទេរឬផ្តល់ជាអំណោ​យ អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ ដើម្បីរៀបចំលេខអត្តសញ្ញាណកម្មពន្ធ លើអចលនទ្រព្យជាថ្មី (ឧទាហរណ៍ អ្នកជាប់ពន្ធ មានដីមួយកន្លែង ហើយត្រូវបានពុះជាឡូតិ៍ ដើម្បីលក់ ផ្ទេរ ឬផ្តល់ជាអំណោយ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here