ដោយៈជេស៊ីកា
ភ្នំពេញៈ ទីផ្សារខុនដូមានការរីកចម្រើនលឿន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមានរឿងជាច្រើនដែលប្រជាពលរដ្ឋខ្មែរ មិនទាន់បានយល់ដឹងទូលំទូលាយនៅឡើយ។
បញ្ហាលើគុណភាពសំណង់ បន្ទប់ដែលជាន់និមួយៗមិនមានកំពស់តាមស្តង់ដា មិនមានបំពាក់ជណ្តើរយន្តគ្រប់គ្រាន់ សមមូលនឹងចំនួនបន្ទប់ មិនមានទីធ្លាបៃតងគ្រប់គ្រាន់ សុទ្ឋតែជាបញ្ហាប្រឈមរបស់អ្នកស្នាក់នៅ និងការវិនិយោគសម្រាប់រយៈពេលវែង។
ប៉ុន្តែរឿងសំខាន់មួយទៀត ដែលអ្នកគួរដឹង គឺអ្នកអភិវឌ្ឍន៍ជាច្រើននៅកម្ពុជាបានលេងល្បែងតម្លៃមួយ ដែលពួកគេមិនបានកំណត់តម្លៃឲ្យបានច្បាស់លាស់ និងស្ថិតនៅខ្សែស្របគ្នាមួយឡើយ គឺពួកគេបានទុកឲ្យក្រុមហ៊ុនភ្នាក់ងារមួយចំនួន ធ្វើរឿងមួយចំនួន ដូចជា ទី១បង្កើនតម្លៃបន្ថែម តាមពួកគេចង់បាន និងធ្វើស្របតាមចិត្តសាស្រ្តអតិថិជន ទី២ បញ្ចុះតម្លៃមិនស្របគ្នា គឺមិនច្បាស់លាស់ឬស្ថិតក្នុងរូបមន្តច្បាស់លាស់ណាមួយឡើយ។
ទី៣ បង្កើនតម្លៃ នៅពេលដឹងថាអតិថិជន ឬអ្នកទិញខុនដូចង់បានខុនដូនោះខ្លាំង។ ទី៤ ដាក់តម្លៃ ឬកញ្ចប់បញ្ចុះតម្លៃណាមួយ សម្រាប់ក្រុមហ៊ុនភ្នាក់ងារ អាចយកមកលេងក្នុងទីផ្សារដោយខ្លួនឯងជាដើម។
ហេតុនេះអ្នកវិនិយោគខុនដូ ឬអ្នកទិញខុនដូសម្រាប់ទុកជួលយកផលចំណេញត្រលប់ក្តី ទិញសម្រាប់ស្នាក់នៅក្តី គួរប្រុងប្រយ័ត្នលើចំណុចមួយនេះ ព្រោះវាអាចធ្វើឲ្យអ្នកទិញខុនដូខុស និងមានតម្លៃខ្ពស់ជាងទីផ្សារជាក់ស្តែង ឬមានតម្លៃខ្ពស់ជាងតម្លៃដែលម្ចាស់ខុនដូលក់ ដោយសារក្រុមហ៊ុនភ្នាក់ងារមួយចំនួន មិនមានក្រមសីលធ៌មវិជ្ជាជីវៈត្រឹមត្រូវ៕