តែម សុខុម
ភ្នំពេញ: របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃពុធ ទី៣០ ខែសីហា បានបង្ហាញថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ កម្ពុជា បាននាំចេញកៅស៊ូស្ងួតចំនួន១៧០,៩៦៨តោន ដោយសម្រេចបានកំណើន៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបង្ហាញថា កម្ពុជា ទទួលបានប្រាក់ចំណូលចំនួន២២៨,៥លានដុល្លារអាមេរិក ពីការនាំចេញកៅស៊ូអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំនេះ ដោយធ្លាក់ចុះ១២,៨%បើធៀបនឹង២៦២,២លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានថ្លែងថា “កៅស៊ូស្ងួតមួយតោនជាមធ្យមមានតម្លៃ១.៣៣៧ដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ គឺធ្លាក់ថ្លៃប្រមាណ២៤៤ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
កម្ពុជា នាំចេញទំនិញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសចិន។
យោងតាមរបាយការណ៍ដដែលបង្ហាញថា កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន៤០៤.៥៧៨ហិកតា ដោយក្នុងនោះដើមកៅស៊ូនៅលើផ្ទៃដី៣១៥.៣៣២ហិកតាដែលស្មើនឹង៧៨%មានអាយុចាស់គ្រប់គ្រាន់សម្រាប់ជាយកជ័រ៕ Xinhua៕