ទីក្រុងសុិនជិនក្លាយជាទីក្រុងបន្ទាប់ទី២របស់ប្រទេសចិន ដែលប្រកាសបន្ធូរបន្ថយច្បាប់កម្ចីទិញផ្ទះលើកដំបូង

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ទីក្រុងសុិនជិន (Shenzhen) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធដោយនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យប្រជាជនទទួលយកប្រាក់កម្ចីអនុគ្រោះសម្រាប់ការទិញផ្ទះដំបូងដោយមិនគិតពីកំណត់ត្រាឥណទានរបស់ពួកគេចាប់ពីថ្ងៃទី៣១ ខែសីហា។

ទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសចិន ក្លាយជាទីក្រុងលំដាប់ធំទី២ហើយ ដែលប្រកាសបន្ធូរបន្ថយច្បាប់លើប្រាក់កម្ចីទិញផ្ទះ។

នេះបើយោងតាមសារពត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ។

ចំណាត់នេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរចិនបានអំពាវនាវដល់ទីក្រុងនានាកាលពីថ្ងៃសុក្រសប្តាហ៍មុន ឱ្យពង្រីកនិយមន័យនៃប្រាក់កម្ចីទិញផ្ទះដំបូងដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងមានបញ្ហានេះឡើងវិញ។

ចំណែកឯ ទីក្រុងក្វាងចូវ (Guangzhou) គឺជាទីក្រុងធំដំបូងគេនៅប្រទេសចិន ដែលឆ្លើយតប និងបន្ធូរបន្ថយការទប់ស្កាត់លើប្រាក់កម្ចី។

បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិន គ្របដណ្តប់ជាង៣០ភាគរយ នៃGDPរបស់ប្រទេសចិន ដែលនេះជាសមាមាត្រធំបំផុតនៅលើពិភពលោក។

វិស័យអចលនទ្រព្យចិនបានដាំក្បាលចុះយ៉ាងខ្លាំង និងប្រឈមហានិភ័យនៃការដួលរលំ ក្រោយពីផ្ទុះឡើងនូវវិបត្តិជាច្រើនដូចជា វិបត្តិបំណុល ដែលអ្នកអភិវឌ្ឍជាច្រើនបានខកខានទូទាត់សង និងមិនមានហិរញ្ញប្បទានដើម្បីបញ្ចប់គម្រោងសាងសង់អចលនទ្រព្យរបស់ពួកគេបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here