សេដ្ឋកិច្ចអាមេរិកក្នុងត្រីមាសទីពីរកើនឡើងយឺតជាងការព្យាករណ៍

0

ដោយ: គង់ លាងហួត

វ៉ាស៊ីនតោន: ក្នុងត្រីមាសទី២ សេដ្ឋកិច្ចអាមេរិកបានកើនឡើងយឺតជាងការព្យាករទុកពីមុន ប៉ុន្តែនេះជាសញ្ញាល្អមួយ សម្រាប់ធនា​គារកណ្តាលអាមេរិក ដែលកំពុងព្យាយាម ធ្វើឱ្យតម្រូវការថយចុះ ដើម្បីកាត់បន្ថយអត្រាអតិផរណា។

យោងតាម​ការប៉ាន់ស្មានលើកទី២ របស់នាយកដ្ឋានពាណិជ្ជកម្ម ដែល​បាន​ចេញ​ផ្សាយ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបអាមេរិក ដែលជារង្វាស់ដ៏ធំបំផុត នៃផលបត្រសេដ្ឋកិច្ចបានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ២,១% នៅក្នុងត្រីមាសទីពីរ ពោលគឺជាល្បឿនយឺតជាងការព្យាករ លើកដំបូងទី១សម្រាប់កំណើន២,៤ភាគរយ។

ការប៉ាន់ប្រមាណលើកទី២ បានរាប់បញ្ចូលទាំង ការចំណាយរបស់អ្នកប្រើប្រាស់កាន់តែច្រើន ការចំណាយរបស់រដ្ឋាភិបាល និងការនាំចេញ បើធៀបនឹងការប៉ាន់ស្មានដំបូង។

ទន្ទឹមគ្នានេះ ការវិនិយោគអាជីវកម្ម និងសារពើភ័ណ្ឌក៏ត្រូវបានកែសម្រួលឱ្យធ្លាក់ចុះទាបជាងមុនផងដែរ។ការវិនិយោគលើអាជីវកម្ម  ដែលសំដៅទៅដល់ការវិនិយោគថេរមិនមែនលំនៅដ្ឋាន  ត្រូវបានកែសម្រួលទៅជាអត្រា កំណើន៦,១% បើធៀបនឹងអត្រា៧,៧% ស្ថិតក្នុងការប៉ាន់ប្រមាណលើកដំបូង។

កំណើនសេដ្ឋកិច្ចអាមេរិក នៅក្នុងត្រីមាសទីពីរ ភាគច្រើនមានមូលដ្ឋានទូលំទូលាយ ប៉ុន្តែមានសញ្ញាមួយចំនួនបង្ហាញថា តម្រូវការធ្លាក់ចុះសម្រាប់ការទិញទំនិញ និងការនាំចូល។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលគ្របដណ្តប់ប្រហែល៧០% នៃទិន្នផលសេដ្ឋកិច្ច ត្រូវបានកែសម្រួលឱ្យឡើងខ្ពស់ជាងមុនបន្តិច នៅក្នុងការប៉ាន់ប្រមាណលើកទីពីរនេះ។

លោក Bill Adams ប្រធានសេដ្ឋវិទូនៅធនាគារ Comerica Bank បានសរសេរនៅក្នុងកំណត់ត្រាវិភាគមួយ កាលពីថ្ងៃពុធថា “សេដ្ឋកិច្ចកំពុងធ្លាក់ចុះក្នុងល្បឿនមួយ ដែលនឹងជួយនាំតម្រូវការឱ្យស្របតាមសមត្ថភាពផលិតភាព របស់សហរដ្ឋអាមេរិក និងកាត់បន្ថយអតិផរណា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here