តើប្រទេសជប៉ុន នឹងជួបវិនាសកម្មធ្ងន់ធ្ងរកម្រិតណាស់ ប្រសិនបើក្រុងតូក្យូ មានគ្រោះរញ្ជួយដ៏ធំដីកើតឡើងម្ដងទៀត?

0

តែម សុខុម

តូក្យូ: ដោយប្រទេសជប៉ុន មានឱកាសជួបគ្រោះរញ្ជួយដីដ៏ធំរហូតដល់ទៅ៧០%ដែលនឹងវាយប្រហារដោយផ្ទាល់ទៅលើតំបន់កណ្ដាលក្រុងតូក្យូ នៅ៣០ឆ្នាំខាងមុខ ការរស់នៅប្រមូលផ្តុំគ្នាខ្លាំងក្នុងរដ្ឋធានីនេះនាពេលបច្ចុប្បន្ន បានបង្កើនហានិភ័យបង្កវិនាសកម្ម។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩២៣ តំបន់ក្រុងតូក្យូ ត្រូវបានវាយប្រហាដោយគ្រោះរញ្ជួយដីដ៏ធំមួយ។ គ្រោះរញ្ជួយដ៏ធំដែលគេឱ្យឈ្មោះថា The Great Kanto Earthquake នោះបានបង្កភាពចលាចលដល់សេដ្ឋកិច្ចជប៉ុន ដែលទីបំផុតបាននាំទៅរកវិបត្តិហិរញ្ញវត្ថុ។

រយៈ១០០ឆ្នាំក្រោយមក សារៈសំខាន់នៃតួនាទីរបស់ក្រុងតូក្យូ ជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយប្រជាជនក៏បានកើនឡើងជាលំដាប់។

តាមរយៈឯកសារឆ្នាំ២០២៣ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយរបស់ខ្លួន រដ្ឋាភិបាលជប៉ុន បានលើកឡើងពីការព្រួយបារម្ភថា ការរស់នៅប្រមូលផ្តុំគ្នាខ្លាំងបែបនេះបាននាំឱ្យហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរកើនឡើង។

នៅក្នុងគ្រោះរញ្ជួយដីឆ្នាំ១៩២៣ ផ្ទះរហូតដល់ទៅប្រមាណ២៩០.០០០ខ្នងក្នុងតំបន់កណ្ដាលក្រុងតូក្យូ ត្រូវបានបំផ្លាញ ឬឆេះទាំងស្រុងរួមជាមួយមនុស្សប្រមាណ១០៥.០០០នាក់បានស្លាប់ ឬបាត់ខ្លួន។

មុខងារនានានៅក្នុងប្រទេសជប៉ុន ត្រូវបានជាប់គាំងជាបណ្ដោះអាសន្ន ដោយអគារនៃក្រសួងមហាផ្ទៃដែលពេលនេះលែងមានទៅហើយ និងស្នងការដ្ឋានប៉ូលិសក្រុងតូក្យូ ត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។

ការខូចខាតដោយផ្ទាល់រួមមានអគារ និងទ្រព្យសម្បត្តិផ្សេងៗដែលបង្កឡើងដោយគ្រោះរញ្ជួយដីដ៏ធំនេះមានទំហំរហូតដល់៥,៥ពាន់លានយ៉េន ឬ ៣៧.៨លានដុល្លារអាមេរិក ដែលស្មើនឹង៣៧%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសជប៉ុន ក្នុងសម័យនោះ។

ទំហំនៃការខូចខាតពីគ្រោះរញ្ជួយដី The Great Kanto Earthquake គឺមានទំហំធំជាងឆ្ងាយណាស់បើធៀបទៅនឹងគ្រោះរញ្ជួយដី Great Hanshin Earthquake ក្នុងឆ្នាំ១៩៩៥ ដែលស្មើត្រឹមតែ២%នៃ GDP និងគ្រោះរញ្ជួយដីដែលបង្កជារលកយក្សស៊ូណាមិ នៅខែមីនា ឆ្នាំ២០១១ ដែលស្មើត្រឹមតែ៣%នៃ GDP របស់ប្រទេសជប៉ុន។

បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងឆ្នាំ១៩២៣ ប្រទេសជប៉ុន បានកសាងផ្លូវថ្នល់ និងឧទ្យានសំខាន់ៗដែលនៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃទីក្រុងតូក្យូ រហូតមកដល់សព្វថ្ងៃនេះ។

សម្រាប់គ្រោះរញ្ជួយដីដែលគេរំពឹងថានឹងកើតឡើងនាពេលអនាគត រដ្ឋាភិបាលជប៉ុន ក្នុងឆ្នាំ២០២៣ នេះបានប៉ាន់ប្រមាណថា នឹងមានមនុស្សស្លាប់ប្រមាណ២៣.០០០នាក់ ហើយទំហំនៃការខូចខាតដោយផ្ទាល់នឹងឈានដល់ប្រមាណ៤៧ទ្រីលានយ៉េន ឬ ៣២៣ពាន់លានដុល្លារអាមេរិក។

បន្ថែមពីលើការខូចខាតដោយផ្ទាល់ រដ្ឋាភិបាលជប៉ុន រំពឹងថា គ្រោះរញ្ជួយដីនេះនឹងបណ្តាលឱ្យខូចខាតសេដ្ឋកិច្ចប្រមាណ៤៨ទ្រីលានយ៉េន ឬ ៣៣០ពាន់លានដុល្លារអាមេរិក តាមរយៈការបញ្ឈប់សកម្មភាពសាជីវកម្មទាក់ទងនឹងផលិតកម្ម និងសេវាកម្មដែលបង្កឡើងដោយការអាក់ខានបណ្តាញដឹកជញ្ជូន និងការដាច់ចរន្តអគ្គិសនី។

ការខូចខាតសរុបដែលបង្កឡើងដោយគ្រោះរញ្ជួយនេះ នឹងមានទំហំស្មើកញ្ចប់ថវិកាជាតិទាំងមូលរបស់ប្រទេសជប៉ុន៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here