ទីក្រុងហាណូយគ្រោងប្រែក្លាយអាផាតមុិនពាណិជ្ជកម្មចំនួន៣២០០យូនីត ទៅជាលំនៅដ្ឋានសង្គមសម្រាប់ប្រជាជនមានចំណូលទាប

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាជ្ញាធរទីក្រុងហាណូយកំពុងពិចារណាលើសំណើរបស់អ្នកអភិវឌ្ឍម្នាក់ក្នុងការប្រែក្លាយគម្រោងលំនៅដ្ឋានពាណិជ្ជកម្មរបស់ក្រុមហ៊ុននោះ ដែលមានអាផាតមុិនចំនួន៣.២០០យូនីត ទៅជាលំនៅដ្ឋានសង្គម។

គម្រោងនោះមានឈ្មោះថា Him Lam Phuc Loi ដែលស្ថិតនៅក្នុងស្រុក Long Bien និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Him Lam ត្រូវបានអនុម័តក្នុងឆ្នាំ២០១៨ ដោយមានអាផាតមុិនចំនួន៣.២០០យូនីត លំនៅដ្ឋានសង្គមចំនួន១.៩៤៤យូនីត និងផ្ទះផ្លាស់ប្តូរទីលំនៅចំនួន៥០៤យូនីត។

ប៉ុន្តែ​នៅពេល​ក្រោយមក ក្រុមហ៊ុន Him Lam បាន​ស្នើសុំ​​ដើម្បីប្តូរ​ទៅជា​គម្រោង​លំនៅដ្ឋានសង្គម​វិញ លើកលែងតែ២០%នៃ​ដី​ ដែល​ទុក​សម្រាប់​អភិវឌ្ឍ​អចលនទ្រព្យ​ពាណិជ្ជកម្មប៉ុណ្ណោះ។

ឥឡូវនេះ អាជ្ញាធរទីក្រុងហាណូយកំពុងព្យាយាមស្វែងរកការអនុម័តពីក្រសួងសំណង់សម្រាប់ការផ្លាស់ប្តូរនេះ។

ជាមួយគ្នានេះ ទីក្រុងហាណូយបានអះអាងថា ខ្លួនត្រូវការដីធ្លីចំនួន១,២១លានម៉ែត្រការ៉េសម្រាប់អភិវឌ្ឍលំនៅដ្ឋានសង្គមនៅឆ្នាំ២០២១រហូតដល់ឆ្នាំ២០២៥។

លើសពីនេះ ទីក្រុងហាណូយក៏គ្រោងនឹងអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គមចំនួន ៥ នៅតំបន់ជាយក្រុងផងដែរ ដូចជាតំបន់ Dong Anh តំបន់ Gia Lam តំបន់ Thanh Tri និងតំបន់ Thuong Tin។

គម្រោងទាំង៥នេះនឹងអាចជួយរួមចំណែកក្នុងការផ្គត់ផ្គង់ទំហំលំនៅដ្ឋានសង្គមលើផ្ទៃដីរហូតដល់២,៥លានម៉ែត្រការ៉េនៅពេលសាងសង់បញ្ចប់រួចរាល់។

លំនៅដ្ឋានសង្គម ឬ Social housing គឺជាផ្ទះ និងផ្ទះល្វែងដែលគ្រប់គ្រងដោយរដ្ឋាភិបាល ឬដោយអង្គការផ្សេងទៀតដែលមិនរកប្រាក់ចំណេញ ហើយត្រូវបានជួលឱ្យប្រជាជនដែលមានប្រាក់ចំណូលទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here