មហាយក្សចិន នឹងចាត់វិធានការបន្ថែមទៀតដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុល

0

តែម សុខុម

ហុងកុង: ប្រទេសចិន គ្រោងចាត់វិធានការបន្ថែមទៀតរួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះផងដែរ ខណៈខ្លួនកំពុងខំខ្នះខ្នែងដោះស្រាយវិបត្តិកាន់តែជ្រៅក្នុងវិស័យអចលនទ្រព្យដ៏ធំសម្បើមរបស់ខ្លួនដែលជាប់ផុងក្នុងបំណុល។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ កញ្ញា។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ក្រុមនិយ័តកររួមមានក្រសួងលំនៅឋាន ធនាគារកណ្តាល និងនិយ័តករហិរញ្ញវត្ថុនឹងអនុវត្តវិធានការនានាដែលពួកគេបានប្រឹងប្រែងដើម្បីដាក់ចេញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្រោមការចង្អុលបង្ហាញពីពីក្រុមប្រឹក្សារដ្ឋ។

ប្រភពដដែលបន្ថែមទៀតថា និយ័តករទាំងនេះគ្រោងចាត់វិធានការបន្ថែម ខណៈគោលនយោបាយមានស្រាប់នានាបានបរាជ័យក្នុងការរក្សាការស្ទុះងើបឡើងវិញ នៃវិស័យអចលនទ្រព្យកាលពីដើមឆ្នាំនេះ។

វិស័យអចលនទ្រព្យគ្របដណ្ដប់ប្រមាណ១ភាគ៤នៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ទោះជាយ៉ាងណា វិស័យនេះកំពុងជាប់ផុងក្នុងវិបត្តិបំណុលដ៏មិនធ្លាប់មានពីមុនមក ហើយការភ័យខ្លាចនៅក្នុងទីផ្សារនេះអាចរាលដាលពាសពេញវិស័យហិរញ្ញវត្ថុទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។

វិធានការនានាដែលត្រូវបានស្នើឡើង រួមមានទាំងការដកការរឹតបន្តឹងលើការទិញផ្ទះក្នុងទីក្រុងធំៗដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ និងក្រុងស៊ឹនជិន (Shenzhen) ជាដើម៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here