រដ្ឋាភិបាលកូរ៉េខាងត្បូង​រៀបចំ​វិធានការ​ជំរុញ​ការ​ចំណាយ និងទាក់ទាញភ្ញៀវទេសចរចិន ខណៈ​ការ​លក់​រាយ​ធ្លាក់​ចុះ

0

ដោយ: គង់ លាងហួរ

សេអ៊ូល: រដ្ឋាភិបាលកូរ៉េបានរៀបចំវិធានការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ខណៈទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា ការលក់រាយបានធ្លាក់ចុះខ្លាំងបំផុតក្នុងខែកក្កដា ស្របពេលអតិផរណាខ្ពស់ និងការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លា។

យោងតាម​ស្ថិតិ​កូរ៉េបានបង្ហាញថា  ការ​លក់​រាយ​បាន​ធ្លាក់​ចុះ៣,២ភាគរយ​លើ​មូលដ្ឋាន​ដែល​ត្រូវបាន​កែ​តម្រូវ​តាម​រដូវ​កាល​​ ក្នុង​ខែ​កក្កដា បើធៀប​នឹង​ខែ​មិថុនា  ហើយនេះជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ បន្ទាប់​ពី​បាន​កើន​ឡើង០,៩ភាគរយ​ក្នុង​ខែ​មិថុនា និង០,៦ភាគរយ​ក្នុង​ខែ​ឧសភា។

ការលក់ទំនិញប្រើប្រាស់បានយូរបានធ្លាក់ចុះ៥,១ភាគរយ ដែលនាំមុខដោយរថយន្ត បន្ទាប់ពីការកាត់បន្ថយពន្ធនាពេលថ្មីៗនេះបានផុតកំណត់ ខណៈការលក់ទំនិញពាក់កណ្តាលធន់ និងទំនិញមិនអាចប្រើប្រាស់បានយូរផ្សេងទៀតក៏បានធ្លាក់ចុះផងដែរ ស្របពេលមានភ្លៀងធ្លាក់ខ្លាំង។

ទិន្នន័យខែកក្កដាបានកើតឡើង បន្ទាប់ពីការស្ទង់មតិមួយផ្សេងទៀតបានបង្ហាញកាលពីសប្តាហ៍មុនថា អារម្មណ៍អ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងបានចុះខ្សោយនៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៦ខែ ដោយសារការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចយឺត។

ភ្លាមៗបន្ទាប់ពីចេញផ្សាយទិន្នន័យនេះ រដ្ឋាភិបាលបានចេញផ្សាយបញ្ជីវិធានការចំនួន៥៨ទំព័រ ដើម្បីសម្រាលបន្ទុកអ្នកប្រើប្រាស់ និងជំរុញការចំណាយ ជាពិសេសជុំវិញថ្ងៃបុណ្យថ្លែងអំណរគុណ Chuseok ដែលនឹងចូលមកដល់នៅចុងខែកញ្ញាខាងមុខ។

វិធានការទាំងនេះរួមមាន ការបូកបន្ថែម១ថ្ងៃសម្រាប់រយៈពេលវិស្សមកាល ការចែកចាយប័ណ្ណទិញទំនិញ និងការបញ្ចុះតម្លៃ ខណៈរដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួននឹងប្រកាសផែនការដាច់ដោយឡែកនៅខែក្រោយ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here