ដោយៈ គង់ សិរីជេស៊ីកា
កោះកុងៈ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា នាពេលឆាប់ៗ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ បន្ថែមទៀត ដែលមានទីតាំងនៅស្រុកបទុមសាគរ។
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកៀរគរវិនិយោគិនមកវិនិយោគ ក៏ដូចជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តាមរយៈបង្កើតការងាររាប់ម៉ឺនកន្លែង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យដឹងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១២ កញ្ញាថា ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងផ្ទាល់ ដោយតំបន់សេដ្ឋកិច្ចទាំងនោះ បានបង្កើតការងារជាច្រើនជូនពលរដ្ឋ។
បច្ចុប្បន្ន ខេត្តកោះកុងមានតែតំបន់សេដ្ឋកិច្ច១ប៉ុណ្ណោះ ដែលបានបង្កើតតាំងពីឆ្នាំ២០០៧ គឺតំបន់សេដ្ឋកិច្ចពិសេសនាងកុក មានទីតាំងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប៉ុន្តែរាជរដ្ឋាភិបាល មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ទៀត ដែលស្ថិតនៅស្រុកបទុមសាគរ។
លោកសុខ សុទ្ធី បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស២ទៀតនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចខេត្តកោះកុង កាន់តែមមាញឹក។អាជ្ញាធរខេត្តស្វាគមន៍ និងគាំទ្រ ចំពោះអ្នកវិនិយោគទាំងឡាយ ដែលមានបំណងចង់មកបើករោងចក្រ សហគ្រាសនៅក្នុងខេត្តរបស់យើង ដែលយើងនឹងបង្កលក្ខណៈងាយស្រួលឱ្យបានច្រើន ដល់វិនិយោគិន ធ្វើយ៉ាងណា ឱ្យគាត់មានទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរបស់យើង។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១១ ខែកញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី។
លោកស៊ុន ចាន់ថុលបានប្រាប់ថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នឹងបើកសាខាទី២ របស់ខ្លួន នៅខេត្តកោះកុង ដែលជាតំបន់សេដ្ឋកិច្ចពិសេស១ ក្នុងចំណោមសេដ្ឋកិច្ច២ថ្មី ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំបង្កើតនៅខេត្តកោះកុង។
លោកបានបញ្ជាក់ថា ខាងក្រុមហ៊ុនបញ្ជាក់ថា ដោយសារតែសេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុនោះ មានទំហំតែ១៣០ហិកតា និងមានរោងចក្រ សហគ្រាសកំពុងដំណើរការពេញហើយ ដូចនេះខាងក្រុមហ៊ុន ត្រូវការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស១ទៀត ដើម្បីទាក់ទាញអ្នកវិនិយោគមកថ្មីៗទៀត។
លោកបន្តថា ខាងក្រុមហ៊ុនមានគម្រោង នឹងបើកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួន នៅលើផ្ទៃដី១០០០ហិកតា នៅខេត្តកោះកុង ។នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានបោះទុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះ។
លោកថ្លែងថា ក្រោយពីមានតំបន់សេដ្ឋកិច្ចពិសេសហើយ តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺជាអ្នកសម្របសម្រួល ត្រូវធ្វើយ៉ាងណា ទាក់ទាញអ្នកវិនិយោគ ឱ្យមកបង្កើតក្រុមហ៊ុនរោងចក្រសហគ្រាសនៅទីនេះឱ្យច្រើន ក៏ដូចជា ការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត។
លោកស៊ុន ចាន់ថុលបានបន្តទៀតថា អ្វីដែលបញ្ហារបស់អ្នកវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី គឺបញ្ហាតម្លៃឡូជីស្ទិករបស់កម្ពុជា គឺខ្ពស់ជាងប្រទេសជិតខាង។
លោកថ្លែងថា រាជដ្ឋាភិបាលបានរៀបចំផែនការមេស្តីពី វិស័យឡូជីស្ទិកនេះរួចរាល់ហើយ ដោយក្នុងគម្រោងនឹងមានការជំរុញឱ្យតម្លៃឡូជីស្ទិកនេះ មានភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាងបាន។ ម្យ៉ាងវិញទៀត លោកក៏ស្នើដល់វិនិយោគិនបរទេសទាំងអស់ សូមស្វែងរកដៃគូវិនិយោគ នៅកម្ពុជាឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវស្វែងរកការពិភាក្សា និងប្រឹក្សាយោបល់ពីCDCឱ្យច្បាស់លាស់ ចៀសវាងការជ្រើសរើសដៃគូវិនិយោគខុស នាំឱ្យមានការខាតបង់៕