សញ្ញាវិជ្ជមាន: ម្ចាស់បំណុលឯកភាពឱ្យក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិន Country Gardenពន្យារពេលទូទាត់សង

0

ដោយៈ តែម សុខុម

សៀងហៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឯកជនដ៏ធំបំផុតរបស់ប្រទេសចិន Country Garden ទទួលបានការព្រមព្រៀងពីម្ចាស់បំណុល ដែលអនុញ្ញាតឱ្យខ្លួនពន្យាពេលទូទាត់ សងមូលបត្របំណុលក្នុងស្រុកចំនួន៦រយៈពេល៣ឆ្នាំ។

ការព្រមព្រៀងពន្យាពេលទូទាត់សងបំណុលនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ ហក់ឡើងរហូតដល់ទៅ១០%។ នេះបើយោងតាមប្រភពច្បាស់ការទម្លាយឱ្យដឹង កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា។

ដំណឹងវិជ្ជមាននេះកើតមានឡើង នៅពេលបណ្ដាវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើវិធានការជំរុញសេដ្ឋកិច្ចចុងក្រោយរបស់រដ្ឋាភិបាលចិន រួមទាំងការបញ្ចុះអត្រាប្រាក់លើកម្ចីទិញផ្ទះដែលមានស្រាប់ និងការផ្ដល់ប្រាក់កម្ចីអនុគ្រោះ សម្រាប់ការទិញផ្ទះដំបូង នៅក្នុងទីក្រុងធំៗផងនោះ អាចគ្រប់គ្រាន់សម្រាប់ការស្ដារទំនុកចិត្តអ្នកប្រើប្រាស់ និងជួយជំរុញទីផ្សារអចលនទ្រព្យចិន ឱ្យងើបឡើងវិញឬក៏អត់។

ប្រភពដដែលឱ្យដឹងថា ម្ចាស់បំណុលក្នុងស្រុករបស់ក្រុមហ៊ុន Country Garden បានបោះឆ្នោតកាលពីថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ដើម្បីសម្រេច លើសំណើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ដែលស្នើសុំពន្យារពេលទូទាត់សងថ្លៃមូលបត្របំណុល ក្នុងស្រុកចំនួន៨ដែលមានតម្លៃ១,៤៨ពាន់លានដុល្លារអាមេរិក រយៈពេល៣ឆ្នាំ។

នៅក្នុងការបោះឆ្នោត ដែលបានបញ្ចប់ត្រឹមម៉ោង១០យប់ម៉ោងនៅទីក្រុងហុងកុង កាលពីថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ម្ចាស់បំណុលបានអនុម័តអនុញ្ញាតឱ្យក្រុមហ៊ុន Country Garden ពន្យារពេលទូទាត់សងមូលបត្របំណុលចំនួន៦ ក្នុងចំណោមមូលបត្របំណុលទាំង៨។

ប្រភពដដែលបានបន្តថា ការបោះឆ្នោតពន្យារពេលទូទាត់សងមូលបត្របំណុលចំនួន២ទៀត នឹងត្រូវបានពន្យារពេល។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Country Garden មិនបានឆ្លើយតប ចំពោះសំណើសុំការឆ្លើយបំភ្លឺនោះឡើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here