ទ្រព្យសម្បត្តិក្នុងគ្រួសារអាមេរិកហក់ឡើងដល់១៥៤ពាន់ពាន់លានដុល្លារនៅត្រីមាសទី២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យរបស់សហព័ន្ធ បានបង្ហាញថា ទ្រព្យសម្បត្តិក្នុងគ្រួសារអាមេរិក (Household wealth) បានហក់ឡើងដល់១៥៤,៣ពាន់ពាន់លានដុល្លារអាមេរិក ក្នុងកំឡុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលជំរុញដោយទីផ្សារភាគហ៊ុនងើបឡើងថ្លៃ និងតម្លៃផ្ទះកើនឡើង។

យោងតាមទិន្នន័យរបស់ធនាគារ Federal Reserve ចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធក្នុងគ្រួសារ និងមិនរកប្រាក់ចំណេញ បានកើនឡើងចំនួន៥,៥ពាន់ពាន់លានដុល្លារ ឬ៤% នៅចន្លោះចុងខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៣នេះ។

កំណើននៅត្រីមាសទី២ បានកើតឡើង បន្ទាប់​ពី​ទ្រព្យសម្បត្តិសុទ្ធក្នុងគ្រួសារអាមេរិក កើន​ឡើង​ចំនួន៣ពាន់​ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​៣ខែ​ដំបូង​ដើមឆ្នាំ​នេះ ដោយទិន្នន័យមិនត្រូវបានកែតម្រូវសម្រាប់អតិផរណានោះទេ។

កំណើនទ្រព្យសម្បត្តិនេះ ត្រូវបានជំរុញដោយសារការកើនឡើងនៃតម្លៃលើការវិនិយោគ ទីផ្សារភាគហ៊ុនរបស់ជនជាតិអាមេរិក ដោយបានកើនឡើងចំនួន២,៦ពាន់ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាសទី២។

ទីផ្សារភាគហ៊ុនបានស្ទុះងើបឡើងវិញ ស្របគ្នាជាមួយនឹងសេដ្ឋកិច្ចអាមេរិកដែរ។  ថ្មីៗនេះ ធនាគារវិនិយោគ Goldman Sachs បានបន្ទាបឱកាសវិបត្តិសេដ្ឋកិច្ចអាមេរិក ក្នុងរយៈពេល១២ខែបន្ទាប់ មកត្រឹមតែ១៥% ប៉ុណ្ណោះ បើធៀបនឹងការព្យាករណ៍ កាលពីដើមឆ្នាំនេះចំនួន៣៥%។

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានបញ្ជាក់ប្រាប់កាសែត Bloomberg News កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា “ខ្ញុំមានអារម្មណ៍ល្អណាស់ ចំពោះការព្យាករណ៍នោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here