រដ្ឋាភិបាលកូរ៉េខាងត្បូង ព្យាយាមបង្កើនការផ្គត់ផ្គង់លំនៅឋានដើម្បីបំពេញកង្វះខាត

0

តែម សុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងរិះរកវិធានការបង្កើនការផ្គត់ផ្គង់លំនៅឋាន ខណៈមានក្តីបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសនេះអាចប្រឈមមុខនឹងការខ្វះខាតផ្ទះសំបែងក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

ក្រុមមន្ត្រីមន្ត្រីឧស្សាហកម្មបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ថា ការព្រួយបារម្ភនេះមានកាន់តែខ្លាំងឡើងដោយសារចំនួនគម្រោងលំនៅឋានបានធ្លាក់ចុះ ស្របពេលអត្រាការប្រាក់ហក់ឡើងខ្ពស់ ហើយថ្លៃដើមនៃការសាងសង់ក៏កើនឡើង។

ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការដាក់ចេញគម្រោងអាផាតម៉ិនបន្ថែមទៀត និងអគារលំនៅឋានផ្សេងៗទៀតទៅក្នុងទីផ្សារ ខណៈរក្សាតម្លៃអចលនទ្រព្យក្នុងស្រុកកុំឱ្យឡើងថ្លៃកប់ពពក ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននិយាយថា ខ្លួននឹងបង្ហាញផែនការមួយនៅមុនថ្ងៃបុណ្យ Chuseok ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែកញ្ញា។

រដ្ឋមន្ត្រីក្រសួងដែនដី លោក Won Hee-ryong បានថ្លែងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ក្រសួងគួរតែទទួលខុសត្រូវច្រើនបំផុតសម្រាប់ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េ ហើយលោកនឹងផ្តោតជាសំខាន់លើការការពារកង្វះខាតការផ្គត់ផ្គង់លំនៅឋាន មុនពេលបញ្ចប់ និងប្រកាសផែនការថ្មីនេះ។

លោករដ្ឋមន្ត្រីនិយាយថា ផែនការថ្មីនេះមិនជំរុញតម្រូវការលំនៅឋានក្នុងទីផ្សារបច្ចុប្បន្ននោះទេ។ លោកថ្លែងថា ការកែសម្រួលច្បាប់ស្តីពីពន្ធលើអចលនទ្រព្យត្រូវចំណាយពេលយូរពេកទម្រាំចូលជាធរមាន ហើយការដាក់ចេញគ្រឿងលើកទឹកចិត្តថ្មីៗសម្រាប់អ្នកទិញអចលនទ្រព្យប្រឈមហានិភ័យខ្ពស់ នៃការបង្កផលប៉ះពាល់។

លោកបញ្ជាក់ថា ប្រសិនបើវិធានការថ្មីៗនៃផែនការនេះជំរុញតម្រូវការដើម្បីលើកទឹកចិត្តដល់ការទិញលំនៅឋាន វានឹងជំរុញឱ្យការវិនិយោគ ឬការទិញទុកលក់យកចំណេញកើនឡើងច្រើនហួសហេតុ ហើយវានឹងធ្វើឱ្យស្ថានភាពទីផ្សារកាន់តែធ្ងន់ធ្ងរទៅៗ។

ផ្ទុយទៅវិញ លោកនឹងមិនផ្ដោតលើការផ្គត់ផ្គង់នោះទេ។ លោកនិយាយថា លោកនឹងជួយដល់ការផ្គត់ផ្គង់លំនៅឋានក្នុងស្រុកតាមរយៈការធ្វើការរួមគ្នាជាមួយអាជ្ញាធរហិរញ្ញវត្ថុ រដ្ឋបាលមូលដ្ឋាន និងក្រសួងមហាផ្ទៃ និងសុវត្ថិភាព។

លោកក៏បានព្រលយពាក្យដែរថា លោកកំពុងពិចារណាចាប់ផ្ដើមការជួយគាំទ្រផ្នែកហិរញ្ញវត្ថុថ្មីៗផងដែរ តាមរយៈការពន្យារឱសានវាទសម្រាប់ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលសម្រាប់គម្រោងលំនៅឋានថ្មីៗ។

យោងតាមលោករដ្ឋមន្ត្រីឱ្យដឹងថា ជាមួយនឹងផែនការថ្មីនេះ ខ្សែសង្វាក់ផ្គត់ផ្គង់លំនៅឋានដ៏យ៉ាប់យ៉ឺននាពេលបច្ចុប្បន្នរបស់ប្រទេសនេះគួរតែចាប់ផ្តើមបន្ធូរបន្ថយនៅខែធ្នូ ឬមិនលើសពីខែមីនា ដើមឆ្នាំ២០២៤៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here