តម្លៃលំនៅឋានក្នុងប្រទេសកូរ៉េ នៅតែខ្ពស់ខ្លាំងបើធៀបនឹងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋ

0

តែម សុខុម

សេអ៊ូល: ធនាគារកណ្តាលកូរ៉េ (BOK) បានលើកឡើងពីក្តីបារម្ភកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ថា ទីផ្សារលំនៅឋានក្នុងប្រទេសកូរ៉េខាងត្បូង នៅតែមានតម្លៃថ្លៃខ្លាំងនៅឡើយបើធៀបនឹងប្រាក់ចំណូលរបស់ពលរដ្ឋ។

យោងតាមធនាគារកណ្តាលកូរ៉េ ឱ្យដឹងថា ជាមធ្យមគ្រួសារមួយនឹងត្រូវការសន្សំប្រាក់ចំណូលប្រចាំឆ្នាំចំនួន២៦ឆ្នាំទម្រាំមានលទ្ធភាពទិញផ្ទះបានមួយសម្រាប់រស់នៅផ្ទាល់ខ្លួន។

នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនដែលបានដាក់ជូនរដ្ឋសភា ធនាគារកណ្ដាលកូរ៉េ បានគូសបញ្ជាក់ថា អនុបាតថ្លៃលំនៅឋានធៀបនឹងប្រាក់ចំណូល (Housing price-to-income ratio) គឺ២៦ពិន្ទុ។

នេះមានន័យថា ជាមធ្យមអ្នកធ្វើការម្នាក់នឹងត្រូវសន្សំប្រាក់បៀវត្សរ៍ទាំងមូលរបស់ពួកគេរយៈពេល២៦ឆ្នាំពេញដើម្បីមានលទ្ធភាពទិញអាផាតម៉ិនទំហំមធ្យម៩០ម៉ែត្រការ៉េ។ អនុបាតថ្លៃលំនៅឋានធៀបនឹងប្រាក់ចំណូលស្ថិតក្នុងរង្វង់១៧,៦ពិន្ទុក្នុងឆ្នាំ២០១៩ ១៧,៤ពិន្ទុក្នុងឆ្នាំ២០២០ និង២៩,៤ពិន្ទុក្នុងឆ្នាំ២០២២។

ចាប់ពីខែមេសា ប្រាក់កម្ចីគ្រួសារដែលចេញដោយធនាគារបានកើនឡើងជាលំដាប់ដោយឈានដល់កម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ។ គិតត្រឹមខែមុន ចំនួនទឹកប្រាក់កម្ចីបានកើនឡើងជាង១៨,៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ដោយប្រាក់កម្ចីទិញផ្ទះបានធ្វើឱ្យប្រាក់កម្ចីសរុបកើនឡើងខ្លាំង។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ប្រាក់កម្ចីគ្រួសារត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតក្នុងឆមាសទី២ ឆ្នាំនេះដែលជំរុញដោយការស្ទុះងើបឡើងវិញនៃប្រតិបត្តិការទិញលក់ផ្ទះ។

ធនាគារកណ្ដាលកូរ៉េ បានវាយតម្លៃថា ការកើនឡើងនេះត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀតដោយសារចំនួនអាផាតម៉ិនកាន់តែច្រើនឡើងនឹងត្រូវដាក់លក់នៅចុងឆ្នាំនេះ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here