ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបាននាំចេញទំនិញ ដែលមានតម្លៃ៥,២៦ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀង (RCEP) ក្នុងរយៈពេល៨ខែដំបូង ឆ្នាំ២០២៣នេះ កើនឡើង២២ភាគរយពី៤,៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ។
របាយការណ៍បានបន្តថា ក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ គោលដៅនាំចេញកំពូលទាំង៣របស់កម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP គឺប្រទេសវៀតណាម ប្រទេសចិន និងប្រទេសជប៉ុន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅឆ្នាំ២០២២ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើននៃការនាំចេញរបស់កម្ពុជា ហើយវាបានក្លាយជាមេដែកដើម្បីស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់កម្ពុជា”។
លោកបានបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកនេះ រួមជាមួយនឹងកិច្ចព្រមព្រៀង FTA ទ្វេរភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យចាកផុតពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានសមាជិកជាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ក្នុងនោះមានបណ្តាប្រទេសសមាជិកអាស៊ានចំនួន១០ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងមានដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕