អារ៉ាប់រួមអេមីរ៉ាត និងម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងថាមពលកកើតឡើងវិញតម្លៃ៨ពាន់លានដុល្លារ

0

ដោយ៖ តែម សុខុម

គូឡាឡាំពួ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទម្លាយឱ្យដឹងថា ម៉ាឡេស៊ី និងអារ៉ាប់រួមអេមីរ៉ាត នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងដែលមានស្រាប់ និងជំរុញឱ្យការរីកចម្រើនបន្ថែមទៀត។

លោកថ្លែងថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) និងក្រុមប្រឹក្សាវិនិយោគអន្តរជាតិនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៦ ខែតុលា។

លោកបានបន្ថែមទៀតថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសហការគ្នាក្នុងវិស័យថាមពលប្រកបដោយនិរន្តរភាព ហើយកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានសម្របសម្រួលតាមរយៈ MoU រវាងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) និងក្រុមហ៊ុន Abu Dhabi Future Energy Company PJSC នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។

គោលបំណងនៃកិច្ចព្រមព្រៀងភាពជាដៃគូសហការនេះ គឺដើម្បីរួមគ្នាបង្កើតសមត្ថភាពផលិតថាមពលកកើតឡើងវិញក្រោមទុនវិនិយោគ៨ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមត្ថភាពផលិតថាមពលទំហំ១០ជីហ្គាវ៉ាត់ (GW) ក្នុងប្រទេសម៉ាឡេស៊ី នៅត្រឹមឆ្នាំ២០២៥។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានគូសបញ្ជាក់តាមរយៈហ្វេសប៊ុកផុសកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា “តាមបំណងរបស់ព្រះជាម្ចាស់ ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត នឹងបន្តស្វែងរកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធដើម្បីពង្រឹងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ”៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here