អង្គការពាណិជ្ជកម្មពិភពលោក WTO បន្ទាបការព្យាករកំណើនពាណិជ្ជកម្មទំនិញសកលលោកសម្រាប់ឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អង្គការពាណិជ្ជកម្មពិភពលោក(WTO) បញ្ជាក់ថា ពាណិជ្ជកម្មទំនិញសកលនឹងកើនឡើងតិចជាងការព្យាកររបស់ខ្លួនកាលពី៦ខែមុន ដោយ​សារអតិផរណា​នៅ​អាមេរិក និង​អឺរ៉ុប សង្គ្រាម​អូសបន្លាយ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​ស្ទុះ​ងើប​ឡើងវិញយឺត​របស់​ប្រទេសចិន។

ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះរំពឹងថា ទំហំពាណិជ្ជកម្មទំនិញសកលនៅឆ្នាំ២០២៣នេះ នឹងកើនឡើង០,៨% ធៀបនឹងឆ្នាំមុន បើធៀបនឹងការព្យាករក្នុងខែមេសាសម្រាប់ការកើនឡើង១,៧%។

តួលេខព្យាករណ៍ថ្មីនេះគឺទាបជាងមធ្យមភាគនៃកំណើនប្រចាំឆ្នាំ២,៦% ដែលបានចុះបញ្ជី ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក។នេះ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ស្ថាប័ន WTO លើកឡើងថា ការធ្លាក់ចុះនៃពាណិជ្ជកម្មសកលហាក់ដូចជាមានមូលដ្ឋានទូលំទូលាយ ដែលពាក់ព័ន្ធនឹងប្រទេសមួយចំនួនធំ និងទំនិញជាច្រើនប្រភេទ ជាពិសេសប្រភេទទំនិញមួយចំនួន ដែលបានមកពីការផលិតដូចជាដែកថែប និងដែក ឧបករណ៍ការិយាល័យ និងទូរគមនាគមន៍ វាយនភ័ណ្ឌ និងសម្លៀកបំពាក់។

ស្ថាប័ននេះបន្តថា “បញ្ហាអតិផរណា អត្រាការប្រាក់ដ៏ខ្ពស់ ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងភាពតានតឹងភូមិសាស្ត្រនយោបាយ សុទ្ធតែរួមចំណែកដល់ការធ្លាក់ចុះនេះ”។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ WTO លើកឡើងថា ការ​ធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ២០២៣ គឺ​ជា​មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​វាមាន​ការជាប់ពាក់ព័ន្ធជាអវិជ្ជមានដល់​កម្រិត​ជីវភាព​រស់នៅ​របស់​មនុស្ស​នៅជុំវិញ​ពិភពលោកហើយការបែកខ្ញែកសេដ្ឋកិច្ចសកលនឹងធ្វើឱ្យបញ្ហាប្រឈមទាំងនេះកាន់តែអាក្រក់ទៅៗ។

ចំណែក សម្រាប់ឆ្នាំ២០២៤ ការព្យាកររបស់អង្គការ WTO សម្រាប់កំណើនពាណិជ្ជកម្មទំនិញសកលស្ថិតក្នុងរង្វង់៣,៣% ពោលគឺស្ទើរតែមិនផ្លាស់ប្តូរពីការព្យាករក្នុងខែមេសាកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here