ក្លឹបវាយកូនហ្គោលឯកជនលំដាប់សេដ្ឋីពិភពលោកដែលថ្លៃចូលជាសមាជិកក្លឹបត្រូវបង់ខ្ទង់លានដុល្លារ

0

ដោយ៖ តែម សុខុម

អាមេរិក: ក្លឹបវាយកូនហ្គោលលំដាប់សេដ្ឋីពិភពលោកមួយដែលរួមបញ្ចូលមជ្ឈមណ្ឌលសីរ៉ាកែត ក្លឹបនាវាកម្សាន្តឯកជន និងមានអ្វីពិសេសជាច្រើនទៀតនោះត្រូវបានបើកដំណើរការហើយ ហើយដើម្បីក្លាយសមាជិកក្លឹបត្រូវបង់ប្រាក់ចំនួន១លានដុល្លារ។

ក្លឹបវាយកូនហ្គោល Shell Bay Club នៅក្នុងទីក្រុង Hallandale Beach រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានបើកសម្ពោធកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ ក្លឹបវាយកូនហ្គោលនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍កន្លែងលម្ហែកាយ និងលំនៅឋានឯកជនដែលត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Witkoff Group និងក្រុមហ៊ុន PPG Development ដើម្បីផ្ដល់បទពិសោធន៍រស់នៅដ៏អស្ចារ្យបែបអភិជនពិតៗ។

លាតសន្ធឹងតាមបណ្តោយផ្លូវទឹក Intracoastal Waterway ក្លឹបវាយកូនហ្គោលនៅលើផ្ទៃដីទំហំ៦០,៧ហិកតានេះមានឡូត៍កូនហ្គោលចំនួន១៨ឡូត៍ ដែលត្រូវបានឌីហ្សាញឡើងដោយស្ថាបត្យករជនជាតិអូស្ត្រាលី លោក Greg Norman ដែលបានឈ្នះពានរង្វាន់ធំចំនួន២លើក។

លោក Greg Norman បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា “ជាការពិតណាស់ ក្លឹបវាយកូនហ្គោល Shell Bay Club នឹងក្លាយជាក្លឹបវាយកូនហ្គោលដ៏ពិសេសគ្មានពីរដែលខ្ញុំមិនធ្លាប់បានឌីហ្សាញកន្លងមក”។

អ្នកដែលរស់នៅក្នុងខុនដូកម្ពស់២០ជាន់ដែលមានលំនៅឋាន និងផ្ទះ Penthouse ចំនួន១០៨យូនីតស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ នឹងទទួលបានប័ណ្ណសមាជិកក្លឹបសង្គមដោយស្វ័យប្រវត្តិជាមួយនឹងជម្រើសបង់ថ្លៃបន្ថែមសម្រាប់ចូលជាសមាជិកក្លឹបវាយកូនហ្គោល។

ដោយគ្រោងបើកសម្ពោធនៅឆ្នាំក្រោយ គម្រោងអគារខុនដូនេះនឹងមានតម្លៃថោកបំផុតចាប់ពី៣លានដុល្លារ ឡើងទៅក្នុងមួយយូនីត ដោយផ្ទះ Penthouse មានតម្លៃចាប់ពី១១លានដុល្លារ ឡើងទៅ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here