ចិន សាងសង់ស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ខ្ពស់បំផុតក្នុងរយៈកម្ពស់ជាង៥.០០០ម៉ែត្រ

0

ដោយ៖ តែម សុខុម

ប៉េកាំង: ដោយងាកទៅរកប្រភពថាមពលស្អាត ប្រទេសចិន ពេលនេះកំពុងសាកល្បងទួប៊ីនខ្យល់ (Wind Turbine) នៅលើភ្នំក្នុងតំបន់ទីបេតិ៍ ក្នុងរយៈកម្ពស់ជាង៥.០០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។

នៅក្នុងតំបន់ស្វយ័តទីបេត៍ (Tibet) ដំណាក់កាលទី២ នៃស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ Zhegu Wind Farm ដែលស្ថិតនៅជើងភ្នំហេមពាន្ត (Himalayas) ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃពុធ សប្ដាហ៍នេះ នៅពេលទួប៊ីនខ្យល់ដំឡើងថ្មីចំនួន១៥ត្រូវបានតភ្ជាប់ទៅបណ្តាញថាមពលអគ្គិសនីក្នុងស្រុក។

គម្រោងទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនសាជីវកម្ម Three Gorges Corporation ដែលគ្រប់គ្រងដោយរដ្ឋនេះត្រូវបានលើកសរសើរថា ជាស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ក្នុងរយៈកម្ពស់បំផុតប្រចាំប្រទេសចិន ជាមួយនឹងកម្ពស់៥.២០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។

ទួប៊ីនដំឡើងថ្មីទាំង១៥នេះ ត្រូវបានរំពឹងថានឹងផលិតថាមពលអគ្គីសនីស្អាតបាន២០០លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំ។

ចំនួននោះគឺស្មើនឹងការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំឆ្នាំរបស់ប្រជាជន១៤០.០០០គ្រួសារ ឬ ជាង១០%នៃគ្រួសារទាំងអស់ក្នុងតំបន់ទីបេត៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Three Gorges Corporation នៅលើបណ្ដាញទំនាក់ទំនងសង្គម WeChat។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ឱ្យដឹងថា ប្រសិនបើសម្រេចឱ្យបានពេញលេញ ការផលិតថាមពលប្រចាំឆ្នាំរបស់ខ្លួននឹងអាចជួយសន្សំសំចៃធ្យូងថ្មបានជាង៦០.០០០តោនជារៀងរាល់ឆ្នាំ ដោយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបានចំនួន១៧៣.០០០តោន និងការបញ្ចេញស្ពាន់ធ័រឌីអុកស៊ីតចំនួន២០តោន៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here