ធនាគារកណ្ដាលអ៊ីស្រាអែល ប្រកាសលក់រូបិយប័ណ្ណបរទេស៣០ពាន់លានដុល្លារ បន្ទាប់ពីរូបិយប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

0

ដោយ៖ សុខុម

ហ្សេរូសាឡឹម: ធនាគារកណ្ដាលអ៊ីស្រាអែល (Bank of Israel) បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៩ ខែតុលា ថា ខ្លួននឹងលក់រូបិយប័ណ្ណបរទេសចំនួន៣០ពាន់លានដុល្លារ ក្នុងទីផ្សារសេរីដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ Shekel អំឡុងសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ (Hamas) នៅតំបន់ហ្គាហ្សា (Gaza Strip) នៃទឹកដីប៉ាឡេស្ទីន។

ការលក់រូបិយប័ណ្ណបរទេសលើកដំបូងមិនធ្លាប់មានរបស់ធនាគារកណ្តាលអ៊ីស្រាអែល នេះបានធ្វើឱ្យទីផ្សារស្ងប់រម្ងាប់ទៅវិញយ៉ាងឆាប់រហ័ស ខណៈរូបិយប័ណ្ណជាតិ Shekel បានរើបថ្លៃឡើងវិញបន្តិច ក្រោយពីធ្លាក់ថ្លៃខ្លាំងកាលពីថ្ងៃច័ន្ទ ទី៩ ខែតុលា។

ធនាគារកណ្តាលនេះបានចេញសេចក្តីថ្លែងការណ៍ថា “ធនាគារនេះនឹងចាត់វិធានការក្នុងទីផ្សារអំឡុងពេលខាងមុខដើម្បីសម្រាលស្ថានការប្រែប្រួលនៃអត្រាប្តូរប្រាក់ Shekel និងដើម្បីផ្តល់នូវសាច់ប្រាក់ងាយស្រួលចាំបាច់ដើម្បីឱ្យទីផ្សារដំណើរការជាប្រក្រតី”។

ធនាគារនេះនិយាយថា ខ្លួននឹងផ្តល់សាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារចំនួន១៥ពាន់លានដុល្លារ តាមរយៈយន្តការ SWAP ជាកិច្ចសន្យាហិរញ្ញវត្ថុដែលភាគីម្ខាងដោះដូររំហូរសាច់ប្រាក់ ឬ តម្លៃនៃទ្រព្យសកម្មណាមួយជាមួយភាគីម្ខាងទៀត។

ធនាគារនេះនិយាយថា “ធនាគារកណ្ដាលអ៊ីស្រាអែល នឹងបន្តឃ្លាំមើលស្ថានការណ៍វិវឌ្ឍន៍ តាមដានគ្រប់ទីផ្សារទាំងអស់ និងធ្វើសកម្មភាពដោយប្រើឧបករណ៍ដែលមានស្រាប់តាមការចាំបាច់”។

នៅមុនការប្រកាសនេះ ប្រាក់ Shekel បានធ្លាក់ថ្លៃជាង២%ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៨ឆ្នាំមកនេះ ដោយ៣,៩២ Shekel ស្មើនឹង១ដុល្លារ។ ប្រាក់ Shekel កាលពីព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានស្ទុះងើបឡើងវិញបន្តិចមកនៅក្នុងអត្រា៣,៨៦ Shekel ក្នុងមួយដុល្លារ ដោយធ្លាក់ចុះ០,៦៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here