ប្រទេសចិនចេញគោលការណ៍ណែនាំផ្លូវច្បាប់ ដើម្បីគាំទ្រដល់អាជីវកម្មឯកជន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានចុះផ្សាយថា តុលាការកំពូលរបស់ប្រទេសចិនកាលពីថ្ងៃអង្គារបានចេញសេចក្តីណែនាំដើម្បីកែលម្អបរិយាកាសផ្លូវច្បាប់សម្រាប់អាជីវកម្មឯកជន ដោយស្នើឱ្យមានការខិតខំប្រឹងប្រែងជាថ្មីដោយអ្នកបង្កើតគោលនយោបាយដើម្បីគាំទ្រដល់វិស័យឯកជន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ។

វិស័យឯកជនរបស់ប្រទេសចិនកំពុងពិបាកស្ទុះងើបឡើងវិញពីផលប៉ះពាល់នៃការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ក្រាបបទប្បញ្ញត្តិទូលំទូលាយដែលផ្តោតលើវិស័យនានារាប់ចាប់ពីបច្ចេកវិទ្យារហូតដល់ការបង្រៀនឯកជន។

កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសនូវផែនការ ដើម្បីពង្រឹងវិស័យឯកជន ដូចជាការពង្រីកការគាំទ្រផ្នែកពន្ធដារ និងថ្លៃសេវា ដែលផ្តោតលើអាជីវកម្មខ្នាតតូច ប៉ុន្តែទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនអាជីវកម្មឯកជនមិនបានបង្ហាញពីភាពប្រសើរឡើងនោះឡើយ។

គោលការណ៍ណែនាំដែលចេញផ្សាយដោយតុលាការប្រជាជនកំពូលបានសង្កត់ធ្ងន់លើការការពារផ្លូវច្បាប់របស់ក្រុមហ៊ុនឯកជន និងសិទ្ធិបុគ្គលិកលក្ខណៈរបស់សហគ្រិន។ នេះបើយោងតាមទូរទស្សន៍ CCTV ។

ទូរទស្សន៍ CCTV បានរាយការណ៍ទៀតថា ដើម្បីកែលម្អការយល់ឃើញរបស់សាធារណៈជនចំពោះវិស័យឯកជន គោលការណ៍ណែនាំរបស់តុលាការបានបញ្ជាក់ថា អាជ្ញាធរនឹងបង្រ្កាបលើអាកប្បកិរិយាមួយចំនួន ដូចជាការបង្កាច់បង្ខូច ការមាក់ងាយ ឬការប្រមាថដល់ក្រុមហ៊ុនឯកជន និងសហគ្រិន និងការបំភាន់សាធារណជនតាមអុីនធឺណិត ដើម្បីទាក់ទាញការចាប់អារម្មណ៍។

CCTV បានបន្តថា អាជ្ញាធរក៏នឹងបង្ក្រាបលើការរំលោភសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនឯកជនផងដែរ ដោយលើកឡើងតាមគោលការណ៍ណែនាំ។

គោលការណ៍ណែនាំខាងលើក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកបណ្តាញផ្តល់ហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនឯកជនខ្នាតតូច និងមធ្យម និងបានប្តេជ្ញាដោះស្រាយជាមួយបញ្ហាប្រាក់កម្ចីខុសច្បាប់។

គោលការណ៍ណែនាំនេះបានធ្វើឡើង ស្របពេលដែលប្រទេសចិនកំពុងស្វែងរកការវិនិយោគឯកជនសម្រាប់គម្រោងធំៗចំនួន៤.៨៩៤ ជាមួយនឹងទុនវិនិយោគសរុបចំនួន៥,២៧ទ្រីលានយ័ន (៧២៣ពាន់លានដុល្លារ) បន្ទាប់ពីការវិនិយោគឯកជននៅក្នុងប្រទេសនេះបានធ្លាក់ចុះ០,៧ភាគរយក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះបើធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here