ការវិភាគ៖ មហាយក្សចិន ចំណេញប្រាក់ច្រើនពាន់លានដុល្លារ ពីការនាំចូលប្រេងដែលជាប់ទណ្ឌកម្ម

0

ដោយ៖ តែម សុខុម

សិង្ហបុរី: ប្រទេសចិន បានចំណេញប្រាក់ជិត១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះតាមរយៈការសម្រុកទិញប្រេងពីបណ្ដាប្រទេសដែលទទួលរងទណ្ឌកម្មរបស់លោកខាងលិច។ នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីពាណិជ្ជករ និងអ្នកតាមដានកប៉ាល់។

សារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែតុលា ថា ផលវិបាកនៃទណ្ឌកម្មដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា បានធ្វើឱ្យធ្លាក់ចុះនូវថ្លៃដើមនាំចូលប្រេងសម្រាប់បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងក្នុងប្រទេសចិន ជាគូប្រជែងសេដ្ឋកិច្ចកំពូលដែលជារឿយៗរិះគន់ការដាក់ទណ្ឌកម្ម “ជាឯកតោភាគី” បែបនេះ។

ការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters លើការចំណេញយ៉ាងសម្បើមរបស់ប្រទេសចិន ពីការទិញប្រេងពីប្រទេសជាប់ទណ្ឌកម្មទាំង៣ បានធ្វើការប្រៀបធៀបទៅនឹងប្រេងដែលបណ្ដាក្រុមហ៊ុននាំចូលរបស់ចិន ទិញពីបណ្ដាប្រទេសផលិតប្រេងដែលមិនរងទណ្ឌកម្ម។

ការទិញរបស់ប្រទេសចិន ក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្រុងមូស្គូ រដ្ឋាភិបាលក្រុងតេហេរ៉ង់ និងរដ្ឋាភិបាលក្រុងការ៉ាកាស ដែលសេដ្ឋកិច្ចនៃប្រទេសទាំងនេះបានដាំក្បាលចុះដោយសារទណ្ឌកម្មរបស់លោកខាងលិច និងការធ្លាក់ចុះនៃការវិនិយោគ។

យោងតាមទិន្នន័យជាមធ្យមដែលផ្តល់ដោយក្រុមហ៊ុនតាមដានកប៉ាល់ដឹកប្រេង Vortexa និង Kpler ឱ្យដឹងថា ប្រទេសចិន បានដឹកជញ្ជូនប្រេងឆៅចំនួន២,៧៦៥លានបារ៉ែលក្នុងមួយថ្ងៃ (bpd) តាមផ្លូវសមុទ្រពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងវេណេស៊ុយអេឡា ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៣។

ការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា ប្រទេសទាំង៣នេះបានគ្របដណ្ដប់១ភាគ៤នៃការនាំចូលរបស់ប្រទេសចិន នៅចន្លោះខែមករា ដល់ខែកញ្ញា ដែលកើនឡើងពីប្រមាណ២១%ក្នុងឆ្នាំ២០២២ ដោយជំនួសជម្រើសពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងលិច និងអាមេរិកខាងត្បូង។

ទោះជាយ៉ាងណា ក្រសួងការបរទេសចិន មិនបានឆ្លើយតបទៅនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំឱ្យធ្វើការឆ្លើយបំភ្លឺជុំវិញបញ្ហានេះឡើយ។ ផ្ទុយទៅវិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនេះបានប្រកាសជំហររបស់ខ្លួនជាថ្មីម្ដងទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី ហើយការធ្វើពាណិជ្ជកម្មជាប្រក្រតីរបស់ប្រទេសចិន សមនឹងទទួលបានការគោរព និងការការពារ។

ទន្ទឹមនេះរដ្ឋបាលគយនៃប្រទេសចិន ក៏មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺនោះដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here