អ្នកធុរកិច្ចចិនមកពីក្រុមហ៊ុនចំនួន៥៤ ស្វែងរកឱកាសវិនិយោគ បង្កើតរោងចក្រនៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

      ភ្នំពេញៈ អ្នកវិនិយោគទុនចិន ជិត៧០រូប មកពីក្រុមហ៊ុនចំនួន៥៤របស់ប្រទេសចិន ដឹកនាំដោយលោកស៊ុន ហ័រចុង តំណាងការិ​យាល័យកិច្ចការបរទេស នៅក្រុងសិនចិន និងលោកវ័ង ស៊ឺ បាន​សហការ​ជាមួយក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដែលតំណាងដោយឧកញ៉ា វ៉ាន់ ឆារស៏ វ៉ាន់។

ជំនួបបានធ្វើឡើងកាលពីសប្តាហ៍មុននេះ ប្រតិភូវិនិយោគចិនបានជួបពិភាក្សាការងារជាមួយ លោកសុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគទុន។

លោក វ័ង ស៊ឺ ប្រធានក្រុមប្រឹក្សាភិបាលមូលនីធីសិនចិន និងជាអ្នកដឹកនាំប្រតិភូបាន​ថ្លែង​ថា បន្ទាប់ពីបានឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវការទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងទាំងអស់គ្នាជាអ្នកវិនិយោគទុន ចាប់​អារម្មណ៍និងមកស្វែងរកឱកាសទីផ្សារ វិនិយោ​គ និង​ការ​បង្កើត​រោង​ចក្រ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​។

ក្នុង​ជំនួបនេះដែរ លោក ស៊ុន ហ័រចុង ក៏បានថ្លែង​ស្នើ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍​កម្ពុជា ទៅផ្សព្វផ្សាយទីផ្សារទេស​ចរណ៍កម្ពុជា នៅខេត្តស៊ិនចិន ខណៈកន្លងមកក្រុងស៊ិន​ចិន​របស់​​ប្រទេ​សចិន ស្ថិតលំដាប់ថ្នាក់ទី៥ ដែលមានទេសចរចិនមកទស្សនាកម្ពុជាច្រើន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន បានសម្តែង​ការ​អបអរ​សាទរ​ បណ្តា​អ្នក​វិនិយោគ​ទុន​ចិន ​មក​បំពេញ​ទស្សនកិច្ច​សិក្សាស្វែងរកឱកាសវិនិយោគទុននៅកម្ពុជា ហើយលោករដ្ឋមន្ត្រី ក៏បានស្នើសុំ​សហការ ​ជា​មួយ​រដ្ឋបាលខេត្តស៊ិនចិន ដើម្បីជំរុញបង្កើនការតភ្ជាប់ជើងហោះហើរត្រង់សិនចិន កម្ពុជា និងស្នើសុំចូលរួមសហការជំរុញពលរដ្ឋខេត្តសិនចិន មកទស្សនាកម្ពុជា ឲ្យមាន​កំណើន​ច្រើន​ និងប្តូរលំដាប់ថ្នាក់ពីលេខ៥ មកលំដាប់ថ្នាក់លេខ១។

លោកឧកញ៉ា ឆារស៏ វ៉ាន់បានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគចិនចំនួន៥៤ក្រុមហ៊ុន រួមជាមួយក្រុមហ៊ុនវិទ្យុ និង​ទូរទស្សន៍ GUANG DONG (គ័ងតុង) មកបំពេញ​ទស្សនកិច្ច​សិក្សា​ទីផ្សារ និង​ស្វែង​រក​ឱកាស​វិនិយោគ​ទុន​នៅកម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យសំណង់ បច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ ទេសចរណ៍ កសិកម្ម និងសហការជាមួយ​កាណាឌីយ៉ាគ្រុប​ វិនិយោគ​លើ​ផ្នែក​កសិកម្ម​ដាំ​ឈើ​ធ្វើ​ប្រអប់​ក្រដាស និងកែវក្រដាសជាដើម ហើយតាមការគ្រោងប្រតិភូអ្នកវិនិយោគទុនចិន នឹង​អញ្ជើញ​ចូលជួប រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និង​សំណង់ ចូលជួបថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជួបអភិបាលខេត្តព្រះសីហនុ និង​ពិនិត្យ​រកទីតាំងសាងសង់រោចក្រផលិតសំភារៈសំណង់ សម្រាប់ប្រើប្រាស់នៅកម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ចិនវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here