ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ វាជាសំណួរមួយដែលទាមទារឲ្យមានកាតពន្យល់បែបវិទ្យាសាស្ត្រ ដើម្បីអាចយលើបានថា តើកម្ពុជាត្រូវឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យ៉ាងដូចម្តេចនៅឆ្នាំ២០៣០?
ការពង្រឹងធនធានមនុស្ស នឹងការពង្រឹងភាពម្ចាស់ការ ក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន គឺជាការចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បរិយាកាសសេដ្ឋកិច្ច សង្គម ការបែងចែងធនធានសង្គមប្រកបដោយសម ធ៌ម និងការធានាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែងជាចំណុចស្លាប់រស់របស់កម្ពុជា។
-->
តាមការព្យាករណ៍របស់រដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជានឹងមានប្រាក់ចំណូលកើនដល់១៤៣៤ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់នាឆ្នាំនេះ និងកើនដល់១៩០០ដុល្លារនៅឆ្នាំ២០២០ខាងមុខ ខណៈប្រទេសប្រទេសនេះនឹងមានកំនើនផលទុនជាតិសរុបកើនដល់២០ពាន់លានដុល្លារនៅឆ្នាំនេះ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកហ៊ាន សាហ៊ីបបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងនោះកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងប្រែក្លាយខ្លួន ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ នេះជារបត់ថ្មីមួយទៀត ដែលកម្ពុជាត្រូវពង្រឹងកិច្ចម្ចាស់ការ ក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការពង្រីកនូវផ្នែកចំណេះដឹងឲ្យមានច្រើនសំបូរបែប។
លោកបន្តថា “កម្ពុជាបាននិងកំពុងរៀបចំឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការ ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែង របស់កម្ពុជាទាំងក្នុងតំបន់និងសកលលោក។
លោកហ៊ាន សាហ៊ីប បានបន្តថា ការពង្រីកចំណេះដឹងនេះដែរ កម្ពុជាកំពុងមានសេចក្តីត្រូវការ ក្នុងការស្វែងយល់បន្ថែមនូវឧត្តមនុវត្តន៍ និងការផ្លាស់ប្តូរបទពិសោធន៍ជាអន្តរជាតិ ក្នុងការអនុវត្តលើភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ពិសេសក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវ ស្ពាន ថាមពលជាដើម សម្រាប់ចូលរួមចំណែក ជួយជំរុញដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ សំដៅដល់ប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូលចាប់ពីជាង៤៨០០ដុល្លារ ដល់១២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។នេះបើយោងតាមការកំណត់ពីធនាគារពិភពលោក។

លោក ង៉ែត ជូទី ប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា កំនើនសេដ្ឋកិច្ចកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពជាវិជ្ជមានច្រើន ប៉ុន្តែលោកមានការព្រួយបារម្ភពីបរិបទនយោបាយនារយៈពេលចុងក្រោយនេះ ព្រោះខ្លាចមានការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុបឬអាមេរិក ប៉ុន្តែប្រសិនជាកម្ពុជាឆ្លងផុតបញ្ហានេះ កម្ពុជានឹងសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ។
លោកបន្តថា “ខ្ញុំគិតថាអ្វីៗវានឹងទៅមុខ និងសម្រេចបានតាមការរំពឹងទុក ហើយមិនពិបាកពេកនោះទេក្នុងការសម្រេចបាននូវគោលដៅនេះ។លោកបន្តថា “កំណើនសេដ្ឋកិច្ចខ្ពស់ជាចំណុចវិជ្ជមានរបស់កម្ពុជា ហើយកម្ពុជាក៏កំពុងក្លាយជាប្រទេសដែលជាទីផ្សារវិនិយោគពីអ្នកវិនិយោគអន្តរជាតិផងដែរ។
ទោះជាយ៉ាងណាលោកង៉ែត ជូនបានជំរុញឲ្យរដ្ឋាភិបាលបង្កើនការវិនិយោ គលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ការកាត់បន្ថយតម្លៃអគ្គិសនី កាត់បន្ថយតម្លៃនៃការដឹកជញ្ជូន និងកសាងធនធានមនុស្សឲ្យមានជំនាញ សមស្របតាមស្ថានភាពទីផ្សារជាក់ស្តែង។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ផ្អែកតាមសូចនាករសេដ្ឋកិច្ចកម្ពុជាអាចឲ្យយើងព្យាករណ៍ថា រដ្ឋាភិបាលកម្ពុជានឹងសម្រេចបានក្នុងការនាំប្រទេស ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣។លោកបន្តថា ការព្យាករណ៍នេះផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ មិនមែនចេះតែលើកឡើងនោះទេ ហើយលោកជឿជាក់លើសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលបាននិងកំពុងធ្វើការងារនេះ។

លោកបន្តថា “ផ្អែកលើមូលដ្ឋាននៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន កម្ពុជាពិតណាស់នឹងសម្រេចបាននូវគោលដៅរបស់ខ្លួននៅឆ្នាំ២០៣០ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់”៕