Hattha top Banner

អគ្គនាយកERA Cambodia អ្នកវិនិយោគបរទេសបានចាប់ផ្តើមជំនួសខ្មែរលើទីផ្សារខុនដូនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានអះអាងថា ពីមុនជនជាតិខ្មែរបានកាន់កាប់ ទីផ្សារខុនដូភាគច្រើន ប៉ុន្តែបច្ចុប្បន្ននេះ ជនជាតិចិន និងអ្នកវិនិយោគដទៃទៀតបានចាប់   ផ្តើមទិញខុនដូច្រើនឡើងវិញហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា បច្ចុប្ប​ន្ននេះ ទីផ្សារខុនដូចាប់ផ្តើមប្រែប្រួលហើយ ដោយក្នុងអំឡុងវិបត្តិកូវីដ១៩ ជនជាតិខ្មែរបានក្លាយជាចំណែកភាគច្រើន នៃអ្នកទិញខុនដូនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នអ្នកធុរកិច្ចចិន កូរ៉េ ជប៉ុន តៃវ៉ាន់ជាដើម បានទិញខុនដូច្រើន និងជំនួសទីផ្សារជនជាតិខ្មែរឡើងវិញ។

លោកបានបញ្ជាក់ថា “អ្នកទិញជនជាតិចិន បានចាប់ផ្តើមសម្លឹងឱកាសនៅកម្ពុជា ដោយសារអត្រាតម្លៃខុនដូ មានភាពល្អប្រសើ​រ ដែលមានតម្លៃទាបជាងទីផ្សារ ចន្លោះពី៣០ទៅ៥០ភាគរយ”។ លោកបន្តថា “ការវិនិយោគខុនដូនាពេលនេះ ជាឱកាសល្អបំផុត ដើម្បីទទួ​លបានប្រាក់ចំណេញនាពេលអនាគត”។

លោកខន គង្គាបានបន្តថា ការទិញដើម្បីទាញយកផលចំណេ​ញពីការវិនិយោគនៅកម្ពុជា នៅតែមានអត្រាចំណេញខ្ពស់ ដោយអត្រាចំណេញមានចន្លោះពី៨ទៅ១២ភាគរយ អាស្រ័យលើគំរោង និងទីតាំងរបស់គំរោងនិមួយៗ។

ទីផ្សារខុនដូនៅកម្ពុជា បានជួបវិបត្តិអំឡុងសម័យកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែស្ថានភាពចុងឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោត អ្វីៗមានភាពប្រសើរឡើង ពិសេសក្រោយការរៀបចំ   ​រដ្ឋាភិបាលថ្មី។

លោកខន គង្គាបានបន្តថា ការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារ មិនលើសតម្រូវការ ដូចការលើកឡើងមួយចំនួននោះទេ ព្រោះនៅមានឱ​កាសច្រើននៅទីនេះ ខណៈអ្នកវិនិយោគបរទេស និងជនជាតិខ្មែរនៅ​បរទេស បានចាប់ផ្តើមទិញខុនដូកាន់តែច្រើន ស្របពេលនិន្នាការរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏បានវិនិយោគនិងទិញខុនដូសម្រាប់ការលំហែររបស់ពួកគេបណ្តើរៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here