ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង១៨ពាន់លានដុល្លារក្នុងរយៈពេល១០ខែឆ្នាំនេះ

0

ដោយៈ គង់ ហ្វីអូណា

      ភ្នំពេញៈ  របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន​បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានប្រមាណជាង១៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសំខាន់ៗចំនួន២០ ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៣នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានចំនួនច្រើនជាងគេ ដោយបើគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ពោលគឺមានទំហំប្រមាណ៧,៤ពាន់លានដុល្លារ មានការថយចុះ១,៥ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួន៧,៦ពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីអាមេរិក ប្រទេសវៀតណាម បានឈរលេខរៀងទី២ ទទួលទិញទំនិញពីកម្ពុជា ប្រមាណ ២,២ពាន់លានដុល្លារ កើនឡើង​ជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានចំនួន១,៦ពាន់លានដុល្លារ។ ដោយឡែកចិនធ្លាក់មក​លេខរៀងទី៣ ដែលកម្ពុជានាំចេញទំនិញសម្រេចបាន១,១៧ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ ធៀបនឹងឆ្នាំ២០២២ មានចំនួន៩៩៧លានដុល្លារ។

ចំណែកការនាំចេញទៅប្រទេសជប៉ុន សម្រេចបានទឹកប្រាក់៩៧៤លានដុល្លារ និងការនាំចេញទៅប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ជាង​ ៦៥៥លានដុល្លារ។

តើទំនិញអ្វីខ្លះ ដែលបាននាំចេញពីកម្ពុជា របាយការណ៍គយ និងរដ្ឋាករបានបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូមជាដើម។

តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រម​ព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏​បានជំរុញទំហំនៃការនាំចេញ របស់កម្ពុជាទៅកូរ៉េ​ ​នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

កាលពីឆ្នាំ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួនទឹកប្រាក់២២,៤៨២,៩៣៧​ លាន​ដុល្លារ កើនឡើង១៦,៤ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល ​ពី​ទីផ្សារ​អន្តរជាតិ២៩,៩៤១,៦០​ លាន​ដុល្លារ កើនឡើង៤,៣​ ភាគ​​រយ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here