ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ (ស្រែអំបិល-កោះកុង) សាងសង់បាន៣៨%ហើយ នឹងគ្រោងបញ្ចប់ការសាងសង់នៅចុងខែមេសាឆ្នាំ២០២៥

0
កោះកុង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣៨,២៦% ហើយ ដោយគ្រោងថានឹងបញ្ចប់ឱ្យរួចរាល់ នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។ ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ នៅតាមទីតាំងមួយចំនួន ដើម្បីធានាថាក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងផលិតបេតុងកៅស៊ូ AC សម្រាប់ស្រោចក្រាលផ្លូវផងដែរ៕

សូមជម្រាបថា គម្រោង សាងសង់ផ្លូវជាតិ លេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រនេះចាប់ផ្តើម នៅត្រង់ចំណុច បំបែក ផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារអាមេរិក។

ផ្លូវជាតិដែល គ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here