ក្រុមហ៊ុន KW Cambodia បានឈានចូលជើងចូលទីផ្សារនៅក្នុងខេត្តកំពត

0

ខេត្តកំពត៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក​ KW Cambodia និង​ជា​អគ្គនាយក បុរី វិមានសំណាង ​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​បើកសាខា KW ខេត្តកំពត (KW Kampot) សម្រាប់​​កិច្ច​សន្យា​៥​ឆ្នាំ (២០២៤-២០២៩) កាលពី​ថ្ងៃសៅរ៍​ ទី៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងពិធីចុះហត្ថលេខា​រវាង​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោក Edward Ivory​ ប្រធាន KW Kampot​ ដែល​រៀបចំឡើង​​នៅ​ការិយាល័យ​លក់ បុរី វិមានសំណាង នេះ ​​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ ​ភ្នាក់ងារ​អចលនទ្រព្យ បុគ្គលិក ក្រុមការងារ និង​ភ្ញៀវកិត្តិយស​ ជា​ច្រើន​នាក់​ផងដែរ។

លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ​បាន​សម្តែង​ការ​ចូលរួមអបអរសាទរដល់លោក Edward Ivory ដែលបានទទួល​សិទ្ធិបើក KW Kampot សម្រាប់កុងត្រា ២០២៤-២០២៩។ លោក​ឧកញ៉ា បាន​បញ្ជាក់​ថា KW Cambodia បានធ្វើការអត់ធ្មត់ អត់ធន់ និងតស៊ូយ៉ាងលំបាក ដើម្បីទប់អាជីវកម្មរបស់ខ្លួនឯង ក្នុងឆ្នាំ ២០២០, ២០២១, ២០២២ និងឆ្នាំ២០២៣​នេះ​ ​ហើយ​ក្រុមហ៊ុន​នឹងពង្រីកអាជីវកម្មរបស់ខ្លួន​ ឱ្យ​បានយ៉ាងតិច ៥សាខាទៀត នៅ​ក្នុងឆ្នាំ២០២៤ ខាង​មុខ​នេះ។

​KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។

សូមជម្រាប​ថា KW Cambodia ជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ ៥២​ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០ ០០០នាក់នៅទូទាំងពិភពលោក។ បច្ចុប្បន្ន​ KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម ​ព្រះសីហនុ និង​ខេត្ត​កំពត៕

LEAVE A REPLY

Please enter your comment!
Please enter your name here