តើតម្លៃអចលនទ្រព្យនៅលើទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក មានការប្រែប្រួលអ្វីខ្លះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រនេះថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេល៥ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា ដោយសារវិស័យនេះប្រឈមបញ្ហាជាច្រើន ដូចជាវិបត្តិបំណុល ការថយចុះនៃទំនុកចិត្តលើតម្រូវការ និងការវិនិយោគ។

តម្លៃផ្ទះថ្មីនៅប្រទេសចិន បានធ្លាក់ចុះ០,៣ភាគរយ ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ០,៣ភាគរយ ដូចគ្នាកាលពីខែតុលា។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) ។

ប្រទេស​ចិន​បាន​និង​កំពុង​បង្កើន​វិធានការ ​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ពីការ​ដាំក្បាលចុះ ​នៃទីផ្សារអចលន​ទ្រព្យ​ មក​លើ​សេដ្ឋកិច្ច​របស់​ខ្លួន ប៉ុន្តែ​វិស័យ​នេះ​មិនបាន​​ស្ទុះ​ងើប​ឡើង​វិញនោះទេ។ទីក្រុងលំដាប់ទី១ លំដាប់ទី២ និងទី៣ ទាំងអស់នៅក្នុងប្រទេសចិន បានកត់ត្រាពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី អស់រយៈពេល២ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា។ ក្នុងចំណោមទីក្រុងចំនួន៧០នៅប្រទេសចិន ដែលត្រូវបានអង្កេ តតាមដានដោយការិយាល័យស្ថិតិជាតិ (NBS) គេសង្កេតឃើញថា ក្នុងនោះ មានទីក្រុងចំនួន៥៩ ដែលបានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះ។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ទីក្រុងប៉េកាំង និងសៀងហៃបានបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ តាមរយៈការបន្ថយសមាមាត្រប្រាក់បញ្ញើអប្បបរមា សម្រាប់ផ្ទះទីមួយ និងទីពីរ ដើម្បីជំរុញឱ្យទីផ្សារលំនៅដ្ឋានស្ទុះងើបឡើងវិញ។ ទីភ្នាក់ងារវាយតម្លៃ Fitch Ratings នៅសប្តាហ៍នេះក៏បានព្យាករថា តម្លៃផ្ទះនៅក្នុងប្រទេសចិននឹងធ្លាក់ចុះពី៥ ទៅ៧ភាគរយនៅឆ្នាំក្រោយ ហើយការធ្លាក់ចុះនឹងបន្តរហូតដល់ឆ្នាំ២០២៥។ចំណែកនៅឯទីផ្សារអចលនទ្រព្យ នៅសហរដ្ឋអាមេរិក ការលក់ផ្ទះបានដាំក្បាលចុះខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា។

យោងតាមរបាយការណ៍ប្រចាំខែ ពីសមាគមភ្នាក់ងារអចលនទ្រព្យជាតិ (NAR) ដែលបានចេញផ្សាយកាលពីថ្ងៃ ទី២១ ខែវិច្ឆិកា បង្ហាញថា ការលក់ផ្ទះបានដាំក្បាលចុះខ្លាំងក្នុងខែតុលា ហើយតម្លៃផ្ទះបានបន្តហក់ឡើង ខណៈអត្រាការប្រាក់កម្ចីទិញផ្ទះ បានហក់ឡើងខ្លាំង ហើយការផ្គត់ផ្គង់ផ្ទះនៅមានកម្រិតតិចនៅឡើយ។

ការហក់ឡើងថ្លៃផ្ទះ បូករួមជាមួយអត្រាការប្រាក់ជាមធ្យមសម្រាប់កម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ថេរ រយៈពេល៣០ឆ្នាំ ដែលបានហក់ឡើងជិតដល់៨%ក្នុងខែតុលា បានធ្វើឱ្យតម្លៃទីផ្សារលំនៅដ្ឋានអាមេរិកហក់ឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។

សមាគមភ្នាក់ងារអចលនទ្រព្យជាតិ (NAR) បានរកឃើញថា តម្លៃជាមធ្យមសម្រាប់ផ្ទះដែលមានស្រាប់ ដូចជាផ្ទះសម្រាប់មួយគ្រួសាររស់នៅ ផ្ទះTown House និងខុនដូផងដែរនោះបានហក់ឡើងដល់៣៩១.៨០០ដុល្លារ កាលពីខែតុលា។ តម្លៃផ្ទះបានហក់ឡើងក្នុងតំបន់ទាំង៤ នៃទឹកដីសហរដ្ឋអាមេរិក គឺតំបន់ភាគឥសាន តំបន់ភាគកណ្ដាល តំបន់ភាគខាងត្បូង និងតំបន់ភាគខាងលិច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here