Hattha top Banner

វិស័យសំខាន់ៗចំនួន៤ នឹងជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិន ស្ទុះងើបឡើងវិញ ក្នុងឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋវិទូជាន់ខ្ពស់លើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជានឹងកើនឡើងនៅឆ្នាំ២០២៤នេះ ដោយសារកំណើននៃការវិនិយោគរបស់វិស័យឯកជន និងលទ្ធផលនៃវិធានការរបស់រដ្ឋាភិបាលដើម្បីគាំទ្រសេដ្ឋកិច្ច។

លោក G. Bin Zhao សេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមហ៊ុន PwC China អះអាងថា ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង៦,៨% ក្នុងរយៈពេល៣ត្រីមាស ឬ៩ខែដំបូង កាលពីឆ្នាំមុន ដែលជាចំណុចវិជ្ជមាននៅក្នុងសេដ្ឋកិច្ចចិន ស្របពេលតម្រូវការអចលនទ្រព្យ ពាណិជ្ជកម្មពិភពលោក និងតម្លៃភាគហ៊ុនកំពុងដាំក្បាលចុះ។

ដោយសម្លឹងទៅមុខ លោក Zhao រំពឹងថា ការវិនិយោគទ្រព្យសកម្មថេរនឹងកើនឡើងនៅឆ្នាំ២០២៤នេះ ដោយសារក្រុមហ៊ុនអាជីវកម្មនានាសម្លឹងមើលឃើញពីកំណើន GDP និងការចំណាយសរុបរបស់អតិថិជន។Why China's economic recovery is hanging in the balanceលោក Zhao បានព្យាករណ៍ថា ការចំណាយថ្មីរបស់ក្រុមហ៊ុនឯកជន ដែលមានចំនួន៥៥% នៃការចំណាយសរុបលើទ្រព្យសកម្មថេររបស់ប្រទេសចិនកាលពីឆ្នាំ២០២២ ទំនងជានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។

ជាមួយគ្នានេះ ការវិនិយោគពីបរទេសចូលទៅក្នុងប្រទេសចិន ក៏អាចនឹងងើបឡើងវិញផងដែរ បន្ទាប់ពីមានកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក សុី ជីនពីង ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

លើសពីនេះ លោក Zhao ជឿជាក់ថា “ប្រូបាប៊ីលីតេ ដែលប្រាក់យ័នរបស់ចិននឹងងើបឡើងថ្លៃធៀបនឹងប្រាក់ដុល្លារនៅឆ្នាំ២០២៤នេះ គឺមានភាគរយខ្ពស់ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន ឆន្ទៈរបស់ចិនក្នុងការធ្វើឱ្យលុយយ័នងើបឡើងថ្លៃ និងការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក”។China's Economic Recovery: 3 Key Sectors to Watch | USGIសរុបមក លោក Zhao បានគូសបញ្ជាក់ថា វិស័យសំខាន់ៗចំនួន៤ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិន រួមមាន ការប្រើប្រាស់ ការវិនិយោគ ការចំណាយរបស់រដ្ឋាភិបាល និងពាណិជ្ជកម្មសុទ្ធ ដែលវិស័យទាំងនេះនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤។ ពាណិជ្ជកម្មសុទ្ធគឺជាតម្លៃនៃការនាំចេញដកតម្លៃនៃការនាំចូល។

ចំណែក លោក Wang Yiming ទីប្រឹក្សាផ្នែកគោលនយោបាយរបស់ធនាគារកណ្តាលចិន បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសចិនអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។

លោក Wang ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានReuters ខណៈថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុងប៉េកាំងថា សេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹង កើនឡើង៥ភាគរយនៅឆ្នាំ២០២៤ ប្រសិនបើការវិនិយោគកើនឡើងពី ៤ ទៅ ៥ភាគរយ ការប្រើប្រាស់កើនឡើងពី ៦ ទៅ ៧ភាគរយ ហើយការនាំចេញវិលត្រឡប់មករកកំណើនឡើងវិញ។លោក Wang បានបន្តថា ប្រទេសចិនមានឱកាស ដើម្បីបង្កើនការគាំទ្រសេដ្ឋកិច្ច ដោយសារតែបន្ទុកបំណុលរបស់រដ្ឋាភិបាលកណ្តាលរបស់ខ្លួនមានកម្រិតទាប ហើយតម្លៃទំនិញប្រើប្រាស់ក៏ថោកផងដែរ។ តួយ៉ាង តម្លៃទំនិញប្រើប្រាស់នៅប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេល៣ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំមុន។

លោក Wang បានបន្ថែមថា ប្រទេសចិនអាចកាត់បន្ថយអត្រាការប្រាក់បាន ខណៈដែលធនាគារកណ្តាលអាមេរិកទំនងជាឈប់ដំឡើងអត្រាការប្រាក់របស់ខ្លួន ទោះបីជាគម្លាតអត្រាការប្រាក់ដ៏ធំរវាងប្រទេសទាំងពីរ និងការព្រួយបារម្ភអំពីផលប៉ះពាល់លើធនាគារអាចជាឧបសគ្គយ៉ាងណាក្ដី។

នៅក្នុងសន្និសីទការងារសេដ្ឋកិច្ចកណ្តាលប្រចាំឆ្នាំដែលធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំចិនបានប្តេជ្ញាថា នឹងកែសម្រួលគោលនយោបាយដើម្បីគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៤នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here