Hattha top Banner

វិភាគ: តើចិនអាចវ៉ាដាច់សហរដ្ឋអាមេរិក ឆ្ពោះទៅក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១នៅលើពិភពលោក ដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន Bloomberg បានចុះផ្សាយអត្ថបទវិភាគថា សហរដ្ឋអាមេរិក បាននាំមុខប្រទេសចិនបន្ថែមទៀត ក្នុងការប្រជែង រក្សាតំណែងជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី១របស់ពិភពលោក។

កាលពីឆ្នាំមុន ផលទុនជាតិសរុបរបស់សហរដ្ឋអាមេរិក (nominal GDP) បានកើនឡើង៦,៣ភាគរយ ខណៈដែលផលទុនជាតិសរុបរបស់ប្រទេសចិន(nominal GDP)បានកើនឡើង៤,៦%ប៉ុណ្ណោះ។US extends lead over China in race for world's biggest economy | The  Straits Timesលោក Eswar Prasad សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cornell University លើកឡើងថា “ដំណើរការសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ បូករួមជាមួយនឹងបញ្ហារយៈពេលខ្លី និងបញ្ហារយៈពេលវែង ដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខ បានបង្ហាញភាពមិនសូវច្បាស់លាស់ថា តើ GDP របស់ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅថ្ងៃណាឡើយ”។

លទ្ធផល និងដំណើរការនៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈទីផ្សារភាគហ៊ុន។ ជាក់ស្តែង ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅសប្តាហ៍នេះ ខណៈដែលផ្សារហ៊ុនរបស់ប្រទេសចិនកំពុងតែដាំក្បាលចុះ។

កាលពីដើមឆ្នាំ២០២៣ សហរដ្ឋអាមេរិកត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់ ដើម្បីទប់ទល់នឹងវិបត្តិអតិផរណា។ ប៉ុន្តែ ផ្ទុយទៅវិញ សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។

យោងតាមទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង៣,៣ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បន្ទាប់ពីបានកើនឡើង៤,៩ភាគរយនៅក្នុងត្រីមាសទី៣។

ចំណែក អតិផរណារបស់សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់គោលដៅ២ភាគរយរបស់ធនាគារ Fed ហើយការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចកំពុងថយចុះ។

ផ្ទុយទៅវិញ ប្រទេសចិនកំពុងជួបស្ថានភាពត្រដាបត្រដួស ដោយសារវិបត្តិអចលនទ្រព្យ និងបញ្ហាបរិត្តផរណា។ រីឯ ការនាំចេញ ដែលធ្លាប់ជាសសរស្តម្ភដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះ នៅឆ្នាំ២០២៣ ខណៈភាពអត់ការងារធ្វើក្នុងចំណោមយុវជនវ័យក្មេងបានកើនឡើង ហើយបំណុលរបស់រដ្ឋបាលក្នុងតំបន់ក៏ប៉ោងឡើងថែមទៀត។

យោងតាមតួលេខរបស់រដ្ឋាភិបាលចិនបង្ហាញថា សេដ្ឋកិច្ចចិនបានបំពេញតាមគោលដៅកំណើនប្រចាំឆ្នាំរបស់អាជ្ញាធរ ដោយកើនឡើង៥,២ភាគរយនៅឆ្នាំ២០២៣ ប៉ុន្តែ គេមានការសង្ស័យថា តួលេខនេះមិនឆ្លុះបញ្ចាំងរូបភាពពិតនៃអ្វី ដែលកំពុងកើតឡើងនៅប្រទេសចិននោះឡើយ។

លោក Josh Lipsky អតីតទីប្រឹក្សាមូលនិធិ IMF ដែលបច្ចុប្បន្នជានាយកមជ្ឈមណ្ឌល GeoEconomics របស់ក្រុមប្រឹក្សាអាត្លង់ទិកបានលើកឡើងថា “ជំងឺរាតត្បាតបានបិទបាំងភាពទន់ខ្សោយជាច្រើនរបស់ប្រទេសចិនដែលមានភាពស៊ីជម្រៅ និងជារចនាសម្ព័ន្ធ ហើយវានឹងបន្តអូសបន្លាយអស់រយៈពេលពេញមួយទសវត្សរ៍នេះ និងអាស្រ័យលើសមត្ថភាពរបស់ចិន ក្នុងការធ្វើកំណែទម្រង់”។

លោក Lipsky បានបន្ថែមថា “រាល់ការពិភាក្សាអំពីលទ្ធភាព ដែលប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ត្រូវ បាន គេផាត់ចោល និងមិនគិតគូរនៅ ពេល នេះ ទេ”។

លោក Adam Posen ប្រធានវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ លើកឡើងថា “ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើឱ្យការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនកាន់តែមានសភាពធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់អំណាចតាមអំពើចិត្តទៅលើសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាត”។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានធ្វើឱ្យសេដ្ឋវិទូ មានការភ្ញាក់ផ្អើល ជាមួយនឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ងើបចេញពីជំងឺរាតត្បាត។ ទោះជាយ៉ាងនេះក្តី សហរដ្ឋ អាមេរិក ក៏ មាន ក្តីព្រួយ បារម្ភ រយៈពេល វែង ផង ដែរ ពោលគឺកម្រិតឱនភាព ថវិកា ដ៏ខ្ពស់ ជា ប្រវត្តិសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here