Hattha top Banner

អគ្គនាយកRGPPSEZជនជាតិជប៉ុនបង្ហាញពីមោទនភាពលើការរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសមួយរបស់កម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ លោក Hiroshi Uematsu​បានបង្ហាញពីមោទនភាព ចំពោះការរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសនេះ។

ជាក់ស្តែងទំហំនៃការនាំចេញ​សរុប ​ពី​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យា​ល់ គ្រុបភ្នំពេញ ​(RGPPSEZ) ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា សម្រេចបាន១,៦២១ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០២៣ ដែល​បង្ហាញ​កំណត់ត្រា​កំណើន ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ​ចាប់តាំងពី​បាន​ដំណើរការ​ជិត១៨​ឆ្នាំ កន្លងមក​។​យោងតាម​របាយការណ៍​របស់ខ្លួន តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៦ ក្នុង​គោលបំណង​បង្កើត​ទីតាំង​ដំបូង​មួយ សម្រាប់​ក្រុមហ៊ុន​ផលិត​មកពី​ឧស្សាហកម្ម​ផ្សេងៗ​ និង​ដើម្បី​បង្កើត​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។ តម្លៃ​នៃ​ការនាំចេញ​បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល៥​ឆ្នាំ​ចុងក្រោយ ពោលគឺ ពី​តម្លៃ៣១៦លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដល់៦៨៣លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​។

ចំនួន​នោះបាន​កើនឡើង​ទ្វេរដង​ម្តងទៀត ​ក្នុង​រយៈពេល​ត្រឹមតែ ​១​ឆ្នាំ​បន្ទាប់​ប៉ុណ្ណោះ គឺ​កើន​ដល់១៣៤៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ ហើយ​នៅ​ឆ្នាំ​២០២៣ បានឃើញ​តម្លៃ​នាំចេញ​ខ្ពស់បំផុត​ នៅក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ការកកើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ជាមួយនឹងទំហំទឹកប្រាក់នាំចេញដល់១៦២១លាន​ដុល្លារ​។​លោក Hiroshi Uematsu​ អគ្គនាយក RGPPSEZ បាន​ថ្លែងថា​ ​ការអភិវឌ្ឍ ​និង​កំណើន​ដ៏​សំខាន់​នេះ ​បានបង្ហាញ​ឱ្យឃើញ​ផងដែរ​នៅក្នុង​តម្លៃ​នៃ​ការនាំចេញ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ទៅកាន់​ទីផ្សារ​ពិភពលោក ។

លោកបញ្ជាក់ថា “ខ្ញុំ​មាន​មោទនភាព​បំផុត ដែល​បានរួម​ចំណែ​ក​ដល់៧ភាគរយ ​ក្នុងតម្លៃ​នាំចេញ​សរុប​ទូទាំងប្រទេស​កម្ពុជាទាំង​មូល​”។ លោកបន្ថែមថា “ការកើនឡើង​យ៉ាងខ្លាំង​នេះ បានកើត​ឡើង បើទោះបី ជា​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដ៏​សែន​អាក្រក់​ក៏ដោយ​”។

ការណ៍​នេះ​គឺ​ដោយសារ​ការពង្រីក និង​ការរីកចម្រើន​ជា​លំដាប់​នៃ​ផលិតកម្ម​របស់​អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​ក្នុង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក និង​វិស័យ​គ្រឿង​បង្គុំ​រថយន្ត​។​

យោងតាម​ទិន្នន័យ​របស់ RGPPSEZ តម្លៃ​នៃ​ការនាំ​ចេញពី​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក​ បាន​កើនឡើង៧១ភាគរយ ពី២៣៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដល់៣៩៩លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២៣ ហើយ​តួលេខ​ពី​វិស័យ​គ្រឿង​បង្គុំ​រថយន្ត​វិញ បាន​កើនឡើង​១៥៦ ភាគរយ ពី​តម្លៃ១១៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដល់២៨៩លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣​។​

លោក Hiroshi បាន​លើកឡើងថា “ឥឡូវនេះ ​យើងខ្ញុំ​ពិត​ជាមាន​មោទនភាព​ក្រៃលែង ដែល​បានឃើញ​តំបន់​នេះ មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ដោយមាន​ក្រុមហ៊ុន​ផលិតកម្ម​ចំនួន៨៦ មកពី១៤ប្រទេស​​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ចំនួន៤៣,៨០០​នាក់ និង​ជនបរទេស​ចំនួន៧២០​នាក់ ​នៅក្នុង​ឧស្សាហកម្ម​ ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​របស់​ប្រទេស​កម្ពុជា​”។​

លោក​បន្ថែមថា ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស តួលេខ​ខាងលើនេះ ​ផ្តល់ឱ្យ​យើង​នូវ​ថាមពល​កាន់តែច្រើន ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ ផ្តល់នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ ដ៏​ល្អ​បំផុត​សម្រា​ប់​អ្នកវិនិយោគ​កម្ពុជា និង​អន្តរ​ជាតិ សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​អាជីវកម្ម​របស់​អ្នកវិនិយោគ ក៏ដូចជា​សេដ្ឋកិច្ចជាតិ និង​ការរួមចំណែក​ដល់​ឧស្សាហូប​នីយ​កម្ម​​របស់​ប្រទេស​ផងដែរ​។​

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានបង្ហាញថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​២០២៣ មានទំហំទឹកប្រាក់លើសពី២២,៦៥ពាន់​លាន​ដុល្លារ កើនឡើង១,៨​ ភាគរយ ធៀបនឹង​ឆ្នាំ​២០២២​។​ ចំណែកការនាំ​ចូល​មាន​ចំនួន២៤,១៨ពាន់​លាន​ដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ៥ភាគរយ​ពី២៥៤៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​។

សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ សរុប​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣​សម្រេចបាន៤៦,៨៣ពាន់​លាន​ដុល្លារ ធ្លាក់ចុះ១,៩ភាគរយ ធៀបនឹងឆ្នាំ​២០២២​។​

បណ្តាប្រទេសជាដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ​របស់​ប្រទេស​កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់​។ នេះ​បើ​យោងតាមGDCE៕

LEAVE A REPLY

Please enter your comment!
Please enter your name here