សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការលើកទឹកចិត្តពន្ធដារ និងជំរុញឱ្យមន្ត្រីទាក់ទាញការវិនិយោគមកកាន់ខេត្តព្រះសីហនុ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចបាននូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ដែលកំពុងត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការនាពេលនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម ពោលគឺថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធអាចធ្វើការងារជាមួយគ្នាយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ សម្ដេចសូមលើកទឹកចិត្តអោយក្រុមការងារពិសេសនេះ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងស្មារតីធ្វើការងារជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤”នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤ ដូចជា

ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។

ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស។

ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។

ទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម មានឧត្តមភាព និងមានប្រកួតប្រជែងខ្ពស់។

ទាក់ទិនទៅបញ្ហាសន្តិសុខសណ្តាប់ធ្នាប់  សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាជាដាច់ខាត ដោយមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ។

ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាអោយចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយប្រកាសមិនអនុញ្ញាតឲ្យបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតផងដែរ។

ថ្លែងទាក់ទងទៅនឹង គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង សម្ដេចធិបតី  បានលើកឡើងថា អត្ថប្រយោជន៍ពិសេស របស់រាជរដ្ឋាភិបាលដែលផ្ដល់នៅ គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង  រួមមានការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។

រដ្ឋាភិបាលកម្ពុជាក៏ផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះពន្ធជាច្រើនប្រភេទផងដែរ ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលចូលមកបណ្តាក់ទុនវិនិយោគ ឬធ្វើធុរកិច្ច នៅក្នុងខេត្តព្រះសីហនុ។

បន្ថែមពីលើនេះ រដ្ឋាភិបាលប្រកាសផ្ដល់ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ។

ម្យ៉ាងទៀត សម្តេចធិបតីបានអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក។

សម្ដេចធិបតីបានមានប្រសាសន៍ទៀតថា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់គោលដៅជ្រើសរើសយកខេត្តសៀមរាប រៀបចំកម្មវិធីទស្សនាសៀមរាប២០២៤ ចំពោះកម្មវិធីពិសេសមួយទៀត គឺជំរុញការវិនិយោគខេត្តព្រះសីហនុជាចលករសម្រាប់ជំរុញសេដ្ឋកិច្ច។ ដូច្នេះក្នុងប៉ូលទាំង៥គឺកំណត់យកប៉ូលទី២ និងទី៣ គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅសម្រាប់ប្រើកម្លាំងបន្ថែម។

សម្ដេចធិបតីគូសបញ្ជាក់បន្ថែមថា “ឆ្នាំ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប  ដើម្បីធ្វើយ៉ាងណាជំរុញពន្លឿនការអភិវឌ្ឍន៍នៅទីនេះ ឱ្យក្លាយជាប៉ូលមួយ យោងឡើងខ្ពស់ហើយអាចទាញការអភិវឌ្ឍន៍នៅទូទាំងប្រទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here