Hattha top Banner

ថ្នាក់ដឹកនាំធុរកិច្ចជប៉ុនស្នើឱ្យប្រទេសចិនលុបចោលបម្រាមហាមឃាត់លើការនាំចូលអាហារសមុទ្ររបស់ខ្លួន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារសារពត៌មាន Kyodo បានចុះផ្សាយថា គណៈប្រតិភូធុរកិច្ចជប៉ុន បានអំពាវនាវឱ្យប្រទេសចិន លុបចោលការហាមឃាត់របស់ខ្លួន លើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន។

ជាមួយគ្នានេះ ក្រុមបេសកកម្ម​ធុរកិច្ចជប៉ុន ក៏​បាន​ជំរុញ​ឱ្យ​ប្រទេសចិន​ អនុវត្ត​ន៍ច្បាប់​ប្រឆាំង​អំពើ​ចារកម្ម​របស់ខ្លួន ​ប្រកបដោយ​តម្លាភាព និង​ខិតខំ​កែលម្អ​ទំនាក់ទំនង​ដ៏​តានតឹង ​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិកផងដែរ។

ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ប៉ុន្តែលោកLi មិនបានឆ្លើយតបច្បាស់លាស់ចំពោះសំណើនេះឡើយ។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ក្រុមបេសកកម្ម​ធុរកិច្ច​ ដែល​មាន​សមាជិក​ចំនួន២០០នាក់​ ដែល​រៀបចំឡើង​នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង។ ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងប្រទេសជិតខាងទាំងពីរ។នៅដើមដំបូងនៃកិច្ចប្រជុំលើកដំបូង ក្នុងរយៈពេល៤ឆ្នាំរវាងគណៈប្រតិភូធុរកិច្ចជប៉ុន និងនាយករដ្ឋមន្ត្រីចិន លោក Li បានលើកឡើងថា ទំនាក់ទំនងរវាងចិន និងជប៉ុន ស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ ដើម្បីគ្រប់គ្រងអតីតកាល និងបង្កើតអនាគតកាល។

លោក​បាន​បន្ថែមថា “វា​មានសារៈសំខាន់ណាស់ សម្រាប់​ប្រទេ​ស​ទាំង​ពីរ​ ដែលត្រូវខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗទៀត”។

ប្រទេសចិនបានដាក់បម្រាមហាមឃាត់ មិនឱ្យនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដើម្បីឆ្លើយតបនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here