តើហាងឆេងដីធ្លីនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេសុី និងហ្វីលីពីន មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយៈ គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងអំណោយផល ឬមិនអំណោយផល។ ខាងក្រោមនេះគឺជាតម្លៃដីនៅក្នុងទីក្រុងធំៗរបស់ប្រទេសឥណ្ឌូនេសុី និងប្រទេសហ្វីលីពីន។

ទី១: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី
ទីក្រុងហ្សាការតា ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ល្អបំផុតមួយ ក្នុងការទិញដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។  ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើផែនការផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតាទៅកាន់រដ្ឋធានីថ្មី Nusantara ដែលការណ៍នេះអាចប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង។

ហ្សាការតា គឺជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើន ខណៈដីធ្លីសម្រាប់ការអភិវឌ្ឍន៍នៅមានកំណត់ ដែលធ្វើឱ្យគេកាន់តែលំបាក ក្នុងការស្វែងរកដី ដែលសាកសមសម្រាប់ការវិនិយោគ។  តម្លៃដីនៅរដ្ឋធានីមួយនេះ គឺខ្ពស់ជាងនៅតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី។

តួយ៉ាង ដីនៅទីក្រុងហ្សាកាតាមានតម្លៃជាមធ្យម៤ពាន់លានរូពៀ (២៥២.០០០ដុល្លារ) និង១២,៥លានរូពៀ (៧៨៨ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដែលខ្ពស់ជាងតម្លៃដីជាមធ្យមនៅក្នុងប្រទេសឥណ្ឌូនេស៊ីទាំងមូល។

ទី២: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ម៉ានីលគឺជាឈ្មោះរដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរនៅក្នុងប្រទេសហ្វីលីពីន។ រដ្ឋធានីនេះស្ថិតនៅលើច្រាំងខាងកើតនៃឆ្នេរ Manila Bay នៅលើកោះ Luzon។

ដីឡូតិ៍លំនៅដ្ឋានសម្រាប់ដាក់លក់នៅតំបន់ទីក្រុងម៉ានីល (Metro Manila) ដែលមានទំហំចាប់ពី៥០ ទៅដល់៧០ម៉ែត្រការ៉េ មានតម្លៃចាប់ពី៣លានប៉េសូ ដល់៥លានប៉េសូ។

ទន្ទឹមនឹងនេះ ដីឡូតិ៍ពាណិជ្ជកម្មសម្រាប់ដាក់លក់ នៅរដ្ឋធានីមួយនេះ ដែលមានទំហំចាប់ពី២០០ទៅ៤០០ម៉ែត្រការ៉េ មានតម្លៃចាប់ពី៦លានប៉េសូ ទៅដល់១០លានប៉េសូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here