រដ្ឋាភិបាលថៃស្នើសុំទៅកាន់ធនាគារកណ្តាលឱ្យបញ្ចុះអត្រា ការប្រាក់ ដើម្បីទប់វិបត្តិសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានជំរុញឱ្យគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) របស់ធនាគារកណ្តាលថៃ (BOT) បើកសម័យប្រជុំបន្ទាន់មួយ ដើម្បីពិចារណាកាត់បន្ថយអត្រាការប្រាក់ភ្លាមៗ ដើម្បីការពារសេដ្ឋកិច្ចថៃ ពីការធ្លាក់ចូលទៅក្នុងវិបត្តិ។

លោក សេដ្ឋា លើកឡើងថា “របាយការណ៍សេដ្ឋកិច្ចដែលចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ថ្ងៃនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់មួយ”។

លោក​បាន​បន្ត​ថា​ “អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក៏​បាន​យល់​ស្រប​នឹង​ការ​កាត់​បន្ថយ ​អត្រា​គោល​នយោបាយ​ដែរ”។ លោកបន្ថែមថា “ដូច្នេះ ខ្ញុំសូមស្នើឱ្យគណៈកម្មាធិការ MPC កំណត់ពេលប្រជុំជាបន្ទាន់ ដើម្បីពិចារណាលើការបញ្ចុះអត្រាការប្រាក់ មុនកាលវិភាគកិច្ចប្រជុំ ដែលបានគ្រោងទុកនៅខែមេសា”។

ការអំពាវនាវរបស់លោក សេដ្ឋា បានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សា NESDC បានប្រកាសថា ផលទុនជាតិសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២៣ បានកើនឡើងត្រឹមតែ១,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទាបជាងការព្យាករណ៍ ក្នុងការស្ទង់មតិរបស់កាសែត Reuters  ក្នុងរង្វង់២,៥%។

កំណើនGDP ពេញមួយឆ្នាំ២០២៣ ស្ថិតក្នុងអត្រា១,៩% ដែលធ្លាក់ចុះពី២,៥% ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុមប្រឹក្សា NESDC ក៏បានបន្ទាបកំណើនGDP សម្រាប់ឆ្នាំ២០២៤នេះ ពី៣,២% មកនៅត្រឹម២,៧%ថែមទៀតផង។

ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៧ ខែកុម្ភៈ ធនាគារកណ្តាលថៃបានបោះឆ្នោត ដើម្បីរក្សាទុកអត្រាការប្រាក់ក្នុងរង្វង់២,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ។ នៅមុនកិច្ចប្រជុំនេះ លោក សេដ្ឋា ធ្លាប់បានអំពាវនាវដល់គណៈកម្មាធិការMPC ឱ្យពិចារណាកាត់បន្ថយ អត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន ខណៈប្រទេសថៃបានរងគ្រោះ ដោយសារអត្រាអតិផរណាអវិជ្ជមាន អស់រយៈពេល៤ខែជាប់ៗគ្នាមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here