សហរដ្ឋអាមេរិកគ្រោងសាងសង់អគារដ៏សែនប្រណីតខ្ពស់កប់ពពកមួយទៀតនាពេលខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមគេហទំព័រNJ.com បានចុះផ្សាយថា អគារខ្ពស់កប់ពពកថ្មីមួយ កំពុងត្រូវបានស្នើសាងសង់ឡើង នៅក្នុងទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក ស្ថិតនៅលើផ្លូវ Market Street ។

អគារខ្ពស់កប់ពពកនេះមានឈ្មោះថា Summit Tower ដោយមានកំពស់៥០៨ហ្វីត(ប្រហែល១៥៥ម៉ែត្រ) និងមាន៤៦ជាន់ ហើយអគារ Summit Tower នេះជាប្រភេទអគារពហុមុខងារ។

នៅក្នុងគម្រោងសាងសង់អគាររួមមាន អាផាតម៉ិនចំនួន៥៧៩យូនីត ដែលក្នុងចំណោមនោះ អាផាតម៉ិនចំនួន១១៦យូនីត ជាអាផាតម៉ិនដែលមានតម្លៃសមរម្យ និងមានកន្លែងលក់រាយទំហំ១១.៥០០ហ្វីតការ៉េ(ប្រហែល១០៦៨,៤ម៉ែត្រការ៉េ)។

អគារ Summit Tower ត្រូវបានស្នើសាងសង់ឡើង ដោយក្រុមហ៊ុនសំណង់ KS Group ដែលមានមូលដ្ឋាននៅទីក្រុង Newark ស្រាប់ និងគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក។

លោក Daniel Spiegel ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន KS Group បានមានប្រសាសន៍ឱ្យដឹងថា “ទីក្រុង Newark បានរីកចម្រើនយ៉ាងខ្លាំង ដូច្នេះតម្រូវការលំនៅដ្ឋាន ក៏មានកម្រិតខ្ពស់ផងដែរ”។

ជាមួយគ្នានេះ ក្រុមហ៊ុនសំណង់ខាងលើ ក៏មានគម្រោងជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការសាងសង់ផងដែរ។

លោក Spiegel បានបន្តថា អគារ Summit Tower ដែលមានទំហំ៣៣៩.០០០ហ្វីតការ៉េនេះ នឹងរួមបញ្ចូលអាផាតម៉ិន ដែលមានបន្ទប់គេង១ និងបន្ទប់គេង២ បូករួមទាំងអាងហែលទឹកនៅលើដំបូល កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់លេងហ្គេម កន្លែងលេងរបស់កុមារ និងបរិក្ខារផ្សេងទៀត។

អគារ Summit Tower មានទីតាំងនៅជិតស្ថានីយ៍ Newark Penn ដែលនឹងផ្តល់ភាពងាយស្រួល ដល់អ្នកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក។ អគារនេះក៏នឹងរួមបញ្ចូលចំណតរថយន្ត ចំនួន១៤២ផងដែរ។

អគារ Summit Tower នឹងក្លាយជាអគារ Landmark ដ៏សំខាន់មួយទៀតរបស់ទីក្រុង Newark ដែលរចនាឌីហ្សាញដោយក្រុមហ៊ុនសកល INOA Architecture ដែលមានមូលដ្ឋាននៅទីក្រុង Manhattan៕

LEAVE A REPLY

Please enter your comment!
Please enter your name here