ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយឯកឧត្តមឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ កុម្ភៈ មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិនជាតិ-អន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
-->
ផ្អែកលើគោលបំណងរួម របស់រាជរដ្ឋាភិបាលកម្ពុជា អង្គជំនួបនេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងនូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេរភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
គោលដៅជាយុទ្ធសាស្ត្រមួយចំនួន ដែលលោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើង នូវគំនិតផ្ដួចផ្ដើមផ្សេងៗដូចជា ការបង្កើនកិច្ច សម្របសម្រួលពាណិជ្ជកម្មឱ្យរលូន រួមមានបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម។ លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារ សម្រាប់ផលិតផលកម្ពុជា(Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្ម ដែលមានស្រាប់, បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏អាចគាំទ្រ ការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើម ដូចជា ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។

លើកឡើងនៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ បានជម្រាបអំពីការសង្កេតឃើញ នូវភាពរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍ នូវការដាក់ចេញរបស់រាជរដ្ឋាភិបាលទិសដៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងទិសដៅប្រែក្លាយកម្ពុជា ពីប្រទេសប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។
បន្ថែមពីនេះដែរ លោកឧត្តមសេនីយ៍ បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ លោកបានសម្តែងសិទិដ្ឋិនិយមថា តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អកើនឡើងមួយកម្រិតទៀត។
លោកឧត្តមសេនីយ៍ Jim Jones បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International និងកំពុងដឹកនាំក្រុមជំនាញការប្រឹក្សាយោបល់ លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្រ្ត សន្តិសុខជាតិ និងយុទ្ធសាស្រ្តយោធាផងដែរ៕